ព័ត៌មានទាន់ហេតុការណ៍៖

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០១នាក់ទៅសាលាដំបូង ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕

  អាវុធហត្ថខេត្តប្រាប់ថាៈ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវនិងតាមដានមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងក្រុងសិរីសោភ័ណ​​​ រហូតឈានដល់ការឃាត់ខ្លួនបាននៅចំណុចភ្លើងស្តុបផ្សារទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

     លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ គឹម សារ៉ាវុធ ហៅវែង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ។ ក្នុងការឃាត់ខ្លួនជនសង្ស័យ រូបនេះកម្លាំងបានដកហូតវត្ថុតាងរួមមាន: ម៉្សៅក្រាមសថ្លា ចំនួន០៤កូនថង់កិប និង០១ថង់ធំ, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY)ចំនួន០៥គ្រាប់,ទូរសព្ទដៃម៉ាកVIVO ពណ៌ខ្មៅចំនួន០១គ្រឿង, ចិញ្ចៀនលោហ:ធាតុពណ៌លឿងក្បាលនាគចំនួន០១វង់ និងសម្ភារ:វិចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ 

       លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ជនសង្ស័យខាងលើក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងមកសម្រាប់លក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ក្រោយបានស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

      លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនឈ្មោះ គឹម សារ៉ាវុធ ហៅវែង ក៏ទទួលបានការឣនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តផងដែរ។

  ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីឣនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ វណ្ណា


ចែករំលែក៖