ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៧៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៦៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១០គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ១២៧គ្រឿង និងម៉ូតូ ១៧៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៧៥គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ១១២គ្រឿង និងម៉ូតូ ១៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៦ថ្ងៃ ពីថ្ងៃទី១-២៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១០,២៤៧គ្រឿង, រថយន្តធំ ២២៨គ្រឿង, រថយន្តតូច ៤,០២១គ្រឿង, ម៉ូតូ ៥,៩៩៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៧៤៩គ្រឿង, រថយន្តធំ ១១៥គ្រឿង, រថយន្តតូច ២,៨៦៧គ្រឿង និងម៉ូតូ ៤,៧៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា