ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា​ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់អតីតយុទ្ធជន កម្ពុជា តាមរយៈ ការផ្តល់កិត្តិយស ការផ្តល់កិច្ចគាំពារដល់ជីវភាពរស់នៅ និង ការផ្តល់ ឱកាសដល់ក្រុមគ្រួសាររបស់អតីតយុទ្ធជន ឱ្យចូលរួមក្នុងកិច្ចការបម្រើជាតិមាតុភូមិ ដោយផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការចូលរួមដើម្បីធ្វើការបន្តវេន ផងដែរ។ 

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ដោយមានសមាសភាពអតីតយុទ្ធជនមកពី រាជធានី ខេត្ត រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៣.១០០ នាក់ ដែលបានអញ្ជើញចូលរួម ក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនោះ ។

មានប្រសាសន៍ក្នុងពិធីដ៏មហោឡារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្តន៍ជន ជនបាត់បង់ សមត្ថភាពការងារ និងជនពិការតាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ការគិតគូរចំពោះ អតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ក្នុងនោះរួមមាន ការកសាងតំបន់ប្រវត្តិសាស្ត្រយោធា វិមានរំលឹកគុណ និងស្តុបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅតាមទីតាំងប្រវត្តិសាស្ត្រ ដើម្បីចារិកទុក និងតម្កល់និមិត្តរូបវត្ថុតាង និងសមិទ្ធផលនានា សម្រាប់ជាថ្នាលបណ្តុះមនសិការ “កតញ្ញូ សុខដុម និងការចូលរួម” និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ រៀនសូត្រ គោរពដឹងគុណដល់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ព្រមទាំងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារី ស្នេហាជាតិ ដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ដើម្បីជាតិមាតុភូមិ ។

សម្តេចធិបតី ក៏បានមានប្រសាសន៍បន្ថែមទៀតថា រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ដល់ អតីតយុទ្ធជនកម្ពុជា តាមរយៈ ៖ ទី១. ការផ្តល់កិត្តិយស ដោយកំណត់យកថ្ងៃទី ២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ជា ទិវាអតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មុះមុត និងគុណបំណាច់ដ៏ធំធេងរបស់ អតីតយុទ្ធជន ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហានក្នុងការរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្នុងការការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គម ។ ទិវានេះបង្ហាញឱ្យឃើញពី ការយកចិត្តទុកដាក់ តបស្នងសងគុណដល់អតីតយុទ្ធជន និងចង់ឱ្យអ្នកជំនាន់ក្រោយយកគំរូតាមអតីតយុទ្ធជន ក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងឆន្ទៈមនសិការស្នេហាជាតិ ដោយរួមចំណែក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

ទី២. ការផ្តល់កិច្ចគាំពារដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដោយបន្តគិតគូរ និងបានដំឡើងរបបសន្តិសុខ សង្គមប្រចាំខែ ដែលទាបជាង ឬស្មើ៧៧ម៉ឺនរៀល ឱ្យដល់ ៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពី ខែមេសា ឆ្នាំ២០២៤, ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៥ ម៉ឺនរៀល, និងការដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ជាដើម ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បានផ្តល់ប័ណ្ណថែទាំសុខភាព (ប.ស.ស) ជូនជនមានពិការភាព និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបង់ប្រាក់ ។ ទី៣. ការផ្តល់ឱកាសដល់ក្រុមគ្រួសាររបស់អតីតយុទ្ធជន ឱ្យចូលរួមក្នុងកិច្ចការបម្រើជាតិមាតុភូមិដោយផ្ទាល់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការចូលរួមដើម្បីធ្វើការបន្តវេន ផងដែរ ។

ជាចុងក្រោយ សម្តេចមហាបវរនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខេត្ត សប្បុរសជន ដៃគូអភិវឌ្ឍនានា ដែលបានបរិច្ចាគថវិកា និងសម្ភារៈ និងរួមសហការ ជិតស្និទ្ធ ជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការបង្កគ្រប់លទ្ធភាពជួយដល់អតីតយុទ្ធជន និងគ្រួសារ ឱ្យទទួលបានការលើកកម្ពស់ជីវភាពសុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់ និងកាន់តែមានភាពកក់ក្តៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ៕

ដោយ​៖តារា​


ចែករំលែក៖