ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូ ម៉ុល ចុះពិនិត្យស្ថានភាពដង្កូវហ្វូង បំផ្លាញដំណាំស្រូវ របស់កសិករនៅឃុំចំនួន២ ក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងក្រុមការងារនាព្រឹក ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះ ពិនិត្យស្ថានភាពដង្កូវហ្វូង បំផ្លាញដំណាំស្រូវ របស់កសិករ នៅឃុំចំនួន២ ក្នុងស្រុករមាសហែក។

ការចុះពិនិត្យស្ថានភាពដង្កូវហ្វូង បំផ្លាញដំណាំស្រូវ របស់កសិករ ហើយលោកអភិបាលស្រុក ក៏បាន ប្រជុំផ្សព្វផ្សាយណែនាំពីវិធានការការពារនិងកំចាត់ពពួកដង្កូវហ្វូង នៅឃុំត្រស់ និងឃុំអំពិល ស្រុករមាសហែកផងដែរ។

សូមបញ្ជាក់ថា វត្តមាន​ដង្កូវ​ទាំងនេះ គឺ​កើតឡើង ដោយសារ​លក្ខខណ្ឌអាកាសធាតុ​ក្ដៅ រាំងស្ងួត ដែល​បាន​អូស​បន្លាយ ទើប​បង្ក​ភាព​សមស្រប​ដល់​ការ​កកើត នៃ​ពួក​ហ្វូង​ដង្កូវ​នេះ​។

បើ​តាម​ក្រសួង​កសិកម្ម ដង្កូវ​ទាំងនោះ គឺ​កើត​ចេញ​ពី​ប្រភេទ​មេអំបៅ​រាត្រីចរ (Fall armyworm-Spodoptera frugiperda) ច្រើន​ធ្វើដំណើរ​នៅពេល​យប់​។ ពង​របស់​វា​មាន​ពណ៌​ស​ក្នុង​ដំណាក់កាល​ដំបូង និង​ប្រែ​ទៅជា​ពណ៌​លឿង នៅពេល​ជិត​ញាស់​។ មេអំបៅ​ប្រភេទ​នេះ​ពង​ជា​កញ្ចុំ មាន​ចំនួន​ពី ១០០ ទៅ ២០០​ពង នៅ​លើ​ផ្ទៃ​ស្លឹក ដោយមាន​រោម​សំឡី​ពាស​ការពារ​ពីលើ ៕

ដោយ៖ សុថាន


ចែករំលែក៖