អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ ភូមិលាំងជាហឺ -ជីនភីងនិងពួកយើងជិតស្និទ្ធជាមួយគ្នា ! លោកស៊ី ជីនភីង បានថ្លែងថា ៖ លោកនឹងចងចាំភូមិលាំងជាហឺជារៀងរហូត និងចងចាំប្រជាកសិករភូមិលាំងជាហឺជានិច្ចនិរន្តរ៍តទៅ។ ក្រោយពីចាកចេញពីភូមិលាំងជាហឺជាង ៤០ ឆ្នាំមក លោក ស៊ី ជីនភីង តែងតែយកចិត្តទុកដាក់ និងចង់ដឹងពីសុខទុក្ខប្រជាកសិករភូមិលាងជាហឺ។ មិនថាទៅដល់ឆ្ងាយប៉ុណ្ណា មិនថាចាកចេញយូរប៉ុន្មាន ចម្ងាយឆ្ងាយ និងពេលវេលាមិនអាចរាំងខ្ទប់ការយកចិត្តទុកដាក់មួយនេះបានឡើយ។
គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ ឆ្នាំ ១៩៩៤ លោកលូហូវសឹងជាអ្នកភូមិលាំងជាហឺ បានកើតជំងឺរលាកឆ្អឹង(osteomyelitis)ជើងខាងស្ដាំ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាង ២ ខែ។
បន្ទាប់ពីចំណាយថ្លៃព្យាបាលអស់ជាង ៦០០០ យ័ន ជំងឺគាត់នៅតែមិនធូរស្បើយនៅឡើយ។ ដោយសារជីវភាពក្រីក្រពេក គាត់ទាល់ច្រក គាត់ក៏បានសរសេរសំបុត្រផ្ញើទៅលោកស៊ីជីនភីងរៀបរាប់អំពីស្ថានភាពរបស់គាត់។ ក្នុងរយៈពេលមិនដល់កន្លះខែផង លោកស៊ីជីនភីងបានផ្ញើប្រាក់ចំនួន ៥០០ យ័នមកឱ្យគាត់ ដើម្បីយកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យហ្វូចូវ។ ក្នុងកំឡុងពេលព្យាបាលនៅក្រុងហ្វូចូវ ដរាបណាលោកស៊ី ជីនភីង ស្ថិតនៅក្នុងទីក្រុង លោកបានមកមើលលូហូវសឹងដោយផ្ទាល់នៅបន្ទប់ព្យាបាលស្ទើរតែរាល់យប់ ហើយនិយាយទៅកាន់គាត់ថា “ហូវសឹង ខ្ញុំសុខចិត្តចំណាយប្រាក់មិនថាច្រើនប៉ុណ្ណាទេ ឱ្យតែអាចព្យាបាលជំងឺរបស់លោកបានជាសះស្បើយ។
ក្រោយពីការព្យាបាលរួច ជំងឺរបស់លូហូវសឹងបានធូរស្រាលមកវិញ។ លោកនឹកចង់ទៅស្រុកកំណើតវិញ លោកស៊ី ជីនភីង ក៏បានជួយទិញសំបុត្រយន្តហោះ ហើយញាត់លុយ ២០០០ យ័ន ចូលក្នុងកណ្ដាប់ដៃគាត់។ លូហូវសឹងនិយាយយ៉ាងរំភើបចិត្តថា “ជីនភីង ខ្ញុំពិតជាអៀនខ្មាសណាស់ ដោយសារ លើកនេះបានចំណាយប្រាក់រាប់ម៉ឺនយ័នរបស់លោក ។ លោកស៊ីជីនភីងឆ្លើយតបវិញថា “មិនអីទេ យើងជាមិត្តសម្លាញ់នឹងគ្នា!”
នាចុងខែតុលាឆ្នាំ ១៩៩៩ លូហូវសឹងបានទទួលការវះកាត់ជើងខាងស្តាំនៅក្រុងថៃយាន់។ ក្រោយពីដឹងរឿងនេះ លោកស៊ីជីនភីងបានបង់ថ្លៃព្យាបាលទាំងអស់ ហើយបានទាក់ទងមន្ត្រីមូលដ្ឋានឱ្យជួយមើលថែគាត់ថែមទៀត។ រាល់លើកពេលរំឭកពីរៀងនេះ លូហូវសឹងក៏នឹកចង់ស្រក់ទឹកភ្នែក។ គាត់ថា “ជីនភីងពិតជាល្អជាមួយខ្ញុំណាស់។ គាត់បានធ្វើរឿងជាច្រើនដើម្បីព្យាបាលជើងរបស់ខ្ញុំ”។
ប្រពន្ធរបស់អ្នកភូមិឈ្មោះលាំងយ៉ាវឆៃធ្លាក់ខ្លួនឈឺធ្ងន់។ ក្រោយពីដឹងរឿងនេះ លោកស៊ីជីនភីងបានផ្ញើលុយ ១០០០ យ័នឱ្យ។ នាឆ្នាំ ២០១៥ ពេលលោកស៊ីជីនភីងវិលត្រឡប់មកភូមិលាំងជាហឺវិញ លាំងយ៉ាវឆៃបានចាប់ដៃស៊ីជីនភីង ហើយនិយាយថា “ខ្ញុំបានទទួលលុយដែលលោកផ្ញើឱ្យខ្ញុំកាលពីពេលនោះហើយ ខ្ញុំនឹងចងចាំមនោសញ្ចេតនារបស់លោកជាប់ជានិច្ច”។
អ្នកភូមិឈ្មោះលាំងយូមីង ធ្លាប់ទៅសួរសុខទុក្ខលោកស៊ីជីនភីងជាច្រើនលើក។ រាល់ពេលជួបមុខគ្នា លោកស៊ីជីនភីង តែងតែសួរយ៉ាងលម្អិតអំពីសុខទុក្ខរបស់អ្នកភូមិនិងស្ថានភាពនៅក្នុងភូមិ។ ពេលឮថាជីវភាពរស់នៅរបស់អ្នកភូមិមានការលំបាក លោកតែងមានចិត្តព្រួយបារម្ភ។ ពេលឮថាអ្នកភូមិមានជីវភាពរស់នៅល្អប្រសើរហើយ លោកក៏មានក្តីសប្បាយរីករាយដែរ។
លោក ស៊ី ជីនភីង បានជួយតភ្ជាប់បណ្តាញអគ្គិសនី សាងសង់សាលារៀននិងស្ពានជាដើម ជូនប្រជាជនក្នុងភូមិ។ ទាក់ទិននឹងរឿងទាំងនេះ លោកស៊ីជីនភីងបានថ្លែងថា “ក្រុងយានអានបានចិញ្ចឹមបីបាច់ខ្ញុំជាច្រើនឆ្នាំ ខ្ញុំគួរតែធ្វើកិច្ចការខ្លះដើម្បីកសិករក្នុងតំបន់ចាស់នៅក្រុងយានអានវិញ”។
អ្នកភូមិឈ្មោះវូហូយ ដែលមានឈ្មោះហៅក្រៅធាស័រ បាននិយាយថា “អ្នកភូមិមានការលំបាក ហើយទៅរកគាត់ គាត់តែងតែផ្តល់ជំនួយជានិច្ច។ ឱ្យតែសរសេសំបុត្រផ្ញើជូនគាត់ គាត់នឹងឆ្លើយតបសំបុត្រមកវិញ។ នាឆ្នាំ២០០០ វូហួយបានទៅដល់ខេត្តហុកៀន លោកស៊ីជីនភីងបានអញ្ជើញគាត់ទៅហូបបាយនៅផ្ទះគាត់។ លោកស្រីផឹងលីយាន់ បានធ្វើម្ហូបដោយផ្ទាល់ដៃ។ វូហួយនិយាយថា លោកស្រីក៏យកចិត្តទុកដាក់អ្នកភូមិណាស់ដែរ ដោយបានគិតគូរពីរសជាតិម្ហូបនៃខេត្តស្រាន់ស៊ីថែមទៀត។
នាខែវិច្ឆិកាឆ្នាំ ២០០៩ លោក ស៊ី ជីនភីង បានមកត្រួតពិនិត្យការងារនៅក្រុងយានអាន។ ដោយសារកាលវិភាគមានកម្មវិធីច្រើន បានជាលោកមិនបានទៅភូមិលាំងជាហឺ។ទោះយ៉ាងណាក៏ដោយ លោកបានអញ្ជើញអតីត”មិត្តសម្លាញ់” មានលាំងយូមីង ស៊ើឈួនយ៉ាង វ៉ាងសៀនភីងនិងវូហួយជាដើម ទៅជួបសំណេះសំណាលនៅក្រុងយានអាន។ ពេលអញ្ជើញអ្នកទាំងអស់គ្នា លោកស៊ីជីនភីងមិនបានសរសេរឈ្មោះពេញរបស់វ៉ាងសៀនភីងនិងវូហួយទេ តែបែរជាសរសេរឈ្មោះហៅក្រៅតែម្តង គឺហីជឺ និងធាស័រ។ ពេលជួបសំណេះសំណាល លោកស៊ី ជីនភីងបានផ្តាំផ្ញើម្តងហើយម្តងទៀតថា “មនុស្សគ្រប់គ្នាត្រូវតែសកម្មផ្តល់មតិយោបល់ឱ្យភូមិលាំងជាហឺ និងជួយស៊ីឈួនយ៉ាងបំពេញការងារក្នុងភូមិឱ្យបានល្អ”។
ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០០៧ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០០៨ ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១១ និង ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៤ លោកស៊ី ជីនភីង បានឆ្លើយតបលិខិតមកពីភូមិលាំងជាហឺចំនួនបួនលើក ដោយរំពឹងទុកថា ប្រជាកសិករអាចមានជីវភាពរស់នៅធូរធារក្នុងពេលឆាប់ៗ។ មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់លោកស៊ី ជីនភីង ធ្វើឱ្យអ្នកភូមិមិនអាចបំភ្លេចបាន។ ពួកគេបាននិយាយទាំងអារម្មណ៍រំជើបរំជួលថា “ចិត្តរបស់ជីនភីងស្ថិតនៅជាមួយភូមិលាំងជាហឺជានិច្ច”៕
ដោយ ៖ សិលា