ព័ត៌មានទាន់ហេតុការណ៍៖

​កម្ពុជា-ចិន​ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេច​បាន​ជាង ​៣,៥ ពាន់លានដុល្លារ កើនជាង ៣០%

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​អគ្គ​នា​យក​ដ្ឋាន​​គយ ​និង​រដ្ឋាករ​កម្ពុជា ​(GDCE)​ បានបង្ហាញថា​ ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន​សម្រេច​បាននូវទំហំទឹកប្រាក់ជាង​ ៣,៥៧ ពាន់លានដុល្លារ នៅ​ក្នុង​រយៈពេល ២ ខែ (មករា-កុម្ភៈ) ឆ្នាំ ២០២៦ កើនឡើង ៣៤,៤% ប្រៀបធៀបនឹងរយៈពេល​ដូច​គ្នា​ នៅ​ឆ្នាំ ​២០២៥។ ​​

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ​គិតចាប់ពី​ខែមករា​ដល់ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​កម្ពុជា​នាំចេញទៅប្រទេសចិន​សម្រេច​បានជាង ២៩៥ លានដុល្លារ ​កើនឡើង​ ៣៥,៧% ​ខណៈចិននាំចូលមកវិញមានតម្លៃ ៣,២៨ ពាន់លានដុល្លារ កើន ៣៤,២% ​ដែល​នាំ​ឱ្យ​កម្ពុជា​មានឱនភាពពាណិជ្ជកម្ម ​២,៩ ​ពាន់លានដុល្លារ​។​

បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​អ្នកឧកញ៉ា ​លឹម ហេង ​បានឱ្យដឹងនៅ​ថ្ងៃពុធ​ទី១១ ខែមីនា ឆ្នាំ២០២៦នេះថា​ ទំ​នាក់​ទំនង​ពាណិជ្ជកម្មរវាងកម្ពុជា-ចិន ​នៅតែមានភាពល្អប្រសើរ។

អ្នកឧកញ៉ា ​លឹម ហេង យល់ឃើញថា៖ ​«សេដ្ឋកិច្ចកម្ពុជា ​ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមក ការ​នាំ​ចូល​ ​ច្រើន​ជាងការនាំចេញ​រហូត ​ប៉ុន្តែ​កំណើនសេដ្ឋកិច្ចនៅតែរីកចម្រើន កម្ពុជាកំពុងត្រូវការ​វត្ថុ​ធាតុ​ដើម​ផ្នែកកម្មន្តសាល​ ជាពិសេសពីចិន​ ដើម្បី​ផលិត កែច្នៃ ហើយនាំចេញ​ទៅប្រទេស​មួយ​ចំ​នួន​ទៀត​ដូចជាទៅសហគមន៍អឺរ៉ុប ​និងអាមេរិក»។

​អ្នកឧកញ៉ា ​លឹម ហេង បញ្ជាក់ថា៖ «យើងនាំចូលច្រើនមែន ​តែយើងផលិត ​កែច្នៃរួច យើងនាំចេញ​ក៏​បាន​ចំណេញច្រើនទៀតដែរ ថ្វីត្បិតតែនាំចូលច្រើនមែន តែកុំភ្លេចថា ប្រទេសយើងមិនមែនជាប្រទេស​ផលិត​វត្ថុ​ធាតុ​ដើមផ្នែកកម្មន្តសាលទេ ​យើងកំពុងត្រូវការវត្ថុធាតុដើមពីបណ្ដាប្រទេសផ្សេង»។​

​ប្រភេទទំនិញ​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ចិនភាគច្រើនគឺជាផលិតផលកសិកម្ម ​គ្រឿង​សង្ហារឹម ​គ្រឿង​អលង្ការ ​និង​ផលិត​ផល​វាយ​នភណ្ឌ។​

ចំណែក​ទំនិញនាំ​ចូលមកវិញ​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ​២០២៥ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន ​សម្រេច​បាននូវទំហំទឹកប្រាក់​ ​១៩,៧៣ ​ពាន់​លានដុល្លារ​ ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​​ចិន​មានតម្លៃ ​១,៦៨ ​ពាន់លានដុល្លារ ​ធ្លាក់ចុះ ៣,៦៤% ​ចំណែក​ឯ​ចិន​នាំ​ចូល​មកវិញ មាន​តម្លៃ ​១៨ ​ពាន់លានដុល្លារ ​កើនឡើង ៣៤,២៩%៕​ដោយ​៖តារា​


ចែករំលែក៖