ខេត្តស្វាយរៀង៖ សាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដុតកម្ទេចចោល សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន១.៥០៩គីឡូក្រាម នៅទីលានចាក់សំរាមអូរស្មាច់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមមន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានឱ្យអ្នកសារព័ត៌មានថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះថា ដោយមានការអនុញ្ញាតពីលោកប្រធានសាខា មន្រ្តីនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានដុតកម្ទេចចោល សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន ១៥០៩ គីឡូក្រាម នៅទីលានចាក់សំរាមអូរស្មាច់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយមានការចូលរួមពី មន្រ្តីនៃសាលាក្រុងស្វាយរៀង និងមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងផងដែរ។
ប្រភពបានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៖០០នាទីទៀបភ្លឺ មន្ត្រីនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បង្ក្រាបបានរថយន្តប្រភេទដឹកអ្នកដំណើរធុនតូចចំនួន១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2A-6794 ដឹកទំនិញចូលតាមច្រករបៀងក្រសាំងជ្រុំ ស្ថិតនៅក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានដឹកទំនិញប្រភេទហាមឃាត់។
ទំនិញប្រភេទហាមឃាត់នោះ រួមមាន៖ សាច់ភ្លៅមាន់បង្កក ផលិតផលប្រទេស សហរដ្ឋអាមេរិក ចំនួន៦២កេសស្មើនឹង៩៩២គីឡូក្រាម និងជើងមាន់បង្កក ផលិតផលប្រទេសវៀតណាម ចំនួន ៤៧ កេសស្មើនឹង៥១៧ គីឡូក្រាមសរុបសាច់បង្កកទាំងអស់ស្មើ ១,៥០៩គីឡូក្រាម៕
ដោយ៖ សុថាន