ខេត្តកំពង់ចាម៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយថា បុគ្គលិកឆ្មបម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ បានយកលុយចំនួន៣០ម៉ឺនរៀល ពីស្ត្រីអ្នកជំងឺម្នាក់មកប្រើប្រាស់សេវាសុខាភិបាល ទោះបីជាមានបណ្ណមូលនិធិសមធម៌សុខាភិបាលក៏ដោយ។
ជាក់ស្ដែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា បន្ទាប់ពីបានទទួលដំណឹងពីបងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) ករណីបុគ្គលិកឆ្មប ម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ បានយកលុយចំនួន៣០០,០០០៛ (សាមសិបម៉ឺនរៀល) ពីស្ត្រី អ្នកជំងឺម្នាក់មកប្រើប្រាស់សេវាសុខាភិបាល ទោះបីជាមានប័ណ្ណមូលនីធិសមធម៌សុខាភិបាលក៏ដោយ ក្រុមការងារ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវករណីនេះភ្លាមៗ។ បន្ទាប់ពីចុះពិនិត្យស្រាវ ជ្រាវបានបញ្ជាក់ឱ្យឃើញថាករណីនេះបានកើតឡើងពិតប្រាកដមែន ដូចរបាយការណ៍ខាងក្រោម៖
១-នៅថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០២៤ មានស្ត្រីឈ្មោះ ញ៉ែម សុខនាត អាយុ ៣០ ឆ្នាំ បានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ផ្នែកសម្ភព-រោគស្ត្រី ដោយសារទារកស្លាប់ក្នុងពោះ (អាយុ១២សប្តាហ៍) តាមរយៈពិនិត្យអេកូនៅកន្លែងឯកជន និងមានធ្លាក់ឈាមតាមទ្វារមាស ។ បន្ទាប់មកបុគ្គលិកឆ្មបបាន រៀបចំព្យាបាលទៅតាមបច្ចេកទេស ។
២-បុគ្គលិកឆ្មបដែលបានព្យាបាលស្ត្រីមានឈ្មោះខាងលើពិតជាបានយកលុយប្រាកដមែន ទោះបីដឹងថា គាត់មានប័ណ្ណមូលនីធិសមធម៌សុខាភិបាលក៏ដោយ ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានធ្វើការណែនាំកែលម្អដល់បុគ្គលិកឆ្មបដែលប្រព្រឹត្តកំហុស ព្រមទាំង ទទួលអនុវត្តវិធានការវិន័យផ្សេងៗទៀត តាមក្រុមប្រឹក្សាវិន័យដើម្បីរៀនសូត្រ និងកែប្រែខ្លួនឲ្យបានល្អ ស្របតាម ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ។
ក្រុមការងារមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ និងមន្ទីរសុខាភិបាលសូមថ្លែងអំណរគុណដល់បងប្អូនសាធារណជន ចំពោះព័ត៌មានជាក់លាក់ដែលបានផ្តល់មកឲ្យក្រុមការងារយើងខ្ញុំ ដើម្បីចូលរួមលើកកម្ពស់កែលម្អគុណភាពឲ្យកាន់ តែប្រសើរឡើងនូវសេវាថែទាំព្យាបាលរបស់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តកំពង់ចាម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម សូមមេត្តា ជ្រាបជាព័ត៌មាន ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមលម្អិត៖
ដោយ៖ តារា