ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយមេបញ្ជាការជាន់ខ្ពស់ត្រូវអុីស្រាអែលសម្លាប់ ក្រុមហេសប៊ូឡាហ៍បានសងសឹកដោយបាញ់គ្រាប់រ៉ុក្កែតរាប់រយគ្រាប់

ចែករំលែក៖

កាលពីថ្ងៃទី 3 ខែកក្កដា ក្រុមហេសប៊ូឡាហ៍បានបាញ់រ៉ុក្កែតជាង 100 គ្រាប់ចូលទៅក្នុងប្រទេសអុីស្រាអែល ដើម្បីសងសឹកចំពោះការស្លាប់របស់មេបញ្ជាការជាន់ខ្ពស់នៅក្នុងការវាយឆ្មក់របស់ទីក្រុង Tel Aviv ទៅលើប្រទេសលីបង់។
លោក Mohammed Naameh Nasser ដែលត្រូវបានគេស្គាល់ថា Hajj Abu Naameh គឺជាមេបញ្ជាការជាន់ខ្ពស់នៃក្រុម Hezbollah ដែលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អុីស្រាអែលលើទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់។ ការវាយឆ្មក់នេះក៏បានសម្លាប់ខ្មាន់កាំភ្លើងម្នាក់ទៀតនៃក្រុមប្រដាប់អាវុធ។
ប្រភពស្និទ្ធនឹងក្រុមហេសប៊ូឡាហ៍ ដែលជាក្រុមប្រដាប់អាវុធគាំទ្រដោយអុីរ៉ង់នៅលីបង់ ថ្ងៃទី 3 ខែកក្កដា បាននិយាយថា “មេបញ្ជាការក្រុមហេសប៊ូឡាហ៍ដែលទទួលបន្ទុកតំបន់មួយក្នុងចំណោមតំបន់ចំនួនបីនៅភាគខាងត្បូងប្រទេសលីបង់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អុីស្រាអែលលើរថយន្តនៅទីក្រុង Tyre”។
កងកម្លាំងការពារអុីស្រាអែល (IDF) បានទទួលស្គាល់ថាបាន “បានសម្លាប់” លោក Nasser ដោយនិយាយថា លោក Nasser គឺជាមេបញ្ជាការនៃ “Aziz Unit” របស់ Hezbollah ដែលជាអង្គភាពទទួលខុសត្រូវចំពោះការវាយប្រហារពីភាគនិរតីលីបង់ចូលទៅក្នុងទឹកដីអុីស្រាអែល។
អុីស្រាអែលបាននិយាយថា លោក Nasser និងលោក Abdallah “គឺជាភេរវករ Hezbollah ដ៏សំខាន់បំផុតពីរនាក់នៅភាគខាងត្បូងប្រទេសលីបង់”។
ប្រភព Hezbollah មួយផ្សេងទៀតបាននិយាយថា លោក Nasser គឺជាមេបញ្ជាការជាន់ខ្ពស់របស់ Hezbollah ទីបីដែលត្រូវបានសម្លាប់ក្នុងរយៈពេលជិតប្រាំបួនខែនៃការប៉ះទង្គិចគ្នាឆ្លងព្រំដែនរវាងក្រុមនឹងអុីស្រាអែល៕

ដោយ៖ ធីរីណា(រូបថត៖ AFP)


ចែករំលែក៖