ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានសហការចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន និងដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ដោយនាំខ្លួនមនុស្ស០២នាក់កាលពីល្ងាចម្សិលម៉ិញ នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ។
លោក ស្នងការរងឲ្យដឹងទៀតថា កម្លាំងបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៦៨ ត/២៤ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ចេញដោយលោក ប្លុង វិសាល ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ចាម ។ ដូច្នេះ កម្លាំងបានអនុវត្តដោយឃាត់ខ្លួន ពិរុទ្ធជន ឈ្មោះ រ៉ា វិនរ៉ូ ភេទប្រុស កើតថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៣ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ១៦០៥៧៣២២៦ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ មានទីកន្លែងកំណើត ភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន រស់នៅគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីបទៈ ឆបោក ប្រព្រឹត្ត តាមប្រព័ន្ធទ្រូម៉ានី នៅចំណុចផ្សារស្គន់ ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ពិរុទ្ធជន(រ៉ា វិនរ៉ូ)បានប្រគល់ទទួលជូនសមត្ថកិច្ចនគរបាល ខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី ។
លោក បញ្ជាក់បន្ថែមទៀតថា កម្លាំងបានបន្តអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៥៤ ន.ខ/២៤ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ចេញដោយលោក យ៉ែម តុលា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។ កម្លាំងបានឃាត់ខ្លួនជនត្រូវចោទ ឈ្មោះ ឆែម ដារ៉ា ហៅ ឆែម បូរ៉ា ភេទប្រុស កើតឆ្នាំ២០០៥ ទីកន្លែងកំណើត ភូមិកណ្ដុស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅលីវ ទៅសពីមុន គ្មាន ។ ជននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទៈ បទលួចមានស្ថានទម្ងន់ដោយប្រើប្រាស់ហឹង្សា ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៥៥ ស្ថិតនៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ តាមបញ្ញាតិមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។
លោក ឧត្ដមសេនីយ៍ត្រី បញ្ជាក់បន្តបន្ថែមទៀតថា ជននេះត្រូវចោទ(ឆែម ដារ៉ា ហៅ ឆែម ដារ៉ា ហៅ ឆែម បូរ៉ា)កំពង់បន្តនីតិវិធី ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់ ៕ ដោយៈ ប៉ឹម ពិន