ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ អ្វីដែលយើងបាន និងកំពុងធ្វើនេះ គឺជាការបន្សល់ទុកកេរតំណែលប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលរឹតតែពោរពេញដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់អ្នកជំនាន់ក្រោយ

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ អ្វីដែលយើងបាន និងកំពុងធ្វើនេះ គឺជាការបន្សល់ទុកកេរតំណែលប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលរឹតតែពោរពេញដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់អ្នកជំនាន់ក្រោយ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ក្នុងបទឧទ្ទេសនាម នៃវគ្គអប់រំនយោបាយកម្រិត២ ជំនាន់ទី១១ នៅវិមាន៧មករា លោកមានឱកាសចែករំលែកខ្លឹមសារនានាជូនទៅដល់សិក្ខាកាម ក្នុងស្មារតីនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផង និងការគាំទ្រដល់គោលនយោបាយរបស់គណបក្សជារួមផង។ តាមរយៈសាវតា និងដំណាក់កាលនានានៃវិស័យមុខងារសាធារណៈដែលលោកបានចែករំលែក មិនថាស្ថិតក្នុងដំណាក់កាលណានៃរាជរដ្ឋាភិបាលកម្ពុជានោះទេ សុទ្ធតែបង្ហាញពីឆន្ទៈខ្ពស់លើការងារកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។ ការកំណែទម្រង់រដ្ឋបាលសាធារណៈ ទាមទារពេលវេលា និងការបន្តអនុវត្តប្រកបដោយឆន្ទៈខ្ពស់ និងស្មារតីចូលរួមសហការពីគ្រប់គាភីទាំងអស់។

អ្វីដែលយើងបាន និងកំពុងប្រឹងប្រែងធ្វើនៅពេលនេះ ពិតណាស់ គឺជាការបង្កើនប្រសិទ្ធិភាពការងារ ពង្រឹងសមត្ថភាព និងសមិទ្ធកម្មការងារជាបន្តបន្ទាប់ តែគោលដៅពិតប្រាកដ គឺការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ ប្រកបទំនុកចិត្តកាន់តែខ្ពស់ ជាមួយប្រព័ន្ធរដ្ឋបាលសាធារណៈ មួយដែលរឹតតែពោរពេញដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ ដែលនឹងក្លាយជាកេរតំណែលដ៏ប្រពៃសម្រាប់អ្នកជំនាន់ក្រោយ៕

ដោយ៖តារា

 


ចែករំលែក៖