ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះដើម្បីអនុវត្តតាមនីតិវិធី ។

មន្ត្រីកងរាជអាវុធហត្ថប្រាប់ថា ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបុរី បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិបាលិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ឈ្មោះណាង វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃីឡិក ឃុំបន្ទាយនាង ស្រុកមង្គលបុរី ។

លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបុរីបានឱ្យដឹងថា នៅវេលាកេីតហេតុជនរងគ្រោះបានចេញពីសាលារៀន ហើយទៅអង្គុយហូបចំណីនៅតូបលក់ដូរ នៅក្បែរសាលារៀន ដោយទុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង ១AG-១៨៩៥ នៅក្បែរនោះ។ មួយសន្ទុះក្រោយមកស្រាប់តែម្ចាស់តូបបានស្រែកប្រាប់ជនរងគ្រោះថាបាត់ម៉ូតូហើយ ភ្លាមនោះជនរងគ្រោះនិងម្ចាស់តូបបានជិះម៉ូតូ ដើររកក៏បានប្រទះឃើញជនសង្ស័យកំពុងអង្គុយនៅលើម៉ូតូរបស់ខ្លួនចម្ងាយពីតូបលក់ដូរប្រហែល៥០ម៉ែត្រ ខណៈជនសង្ស័យកំពុងអង្គុយឆ្កឹះខ្សែភ្លើងម៉ូតូ ហេីយជនរងគ្រោះ និងម្ចាស់តូបបានចូលទៅចាប់ ហើយបានប្រតាយប្រតប់គ្នា ស្រែកឆោឡោ ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថនៅក្បែរនោះបានចេញមកអន្តរាគមន៍ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកដេីម្បីចាត់ការតាមនីតិវិធី   ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង ១AG-១៨៩៥ និងកង់ពណ៌ក្រហមចំនួន០១គ្រឿង, ទូរស័ព្ទម៉ាក TECNO POVA ពណ៌ទឹកប្រាក់  ចំនួន ០១គ្រឿង, ទួណឺវីសដងជ័រពណ៌សចំនួន ០១ដើម។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។  ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖