ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកលើសទម្ងន់ ០៤គ្រឿង ត្រូវបានពិន័យជាប្រាក់​ និងឃាត់ទុក ០១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកបវេល​ ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រោមការចង្អុលបង្ហាញពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃសៅរ៍ ទី១៣​ ខែកក្កដា​ ឆ្នាំ២០២៤នេះ​ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ​ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ១៦០​ គីឡូម៉ែត្រលេខ៣៤​ ភូមិបវេល២​ ឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់ដំបង។ 

ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៤គ្រឿង​ មានបំពាក់ឡូហ្គូ​ H.C និង​ TS បានដឹកលើសទម្ងន់កម្រិតកំណត់ទាំងអស់ ដែលលេីសទម្ងន់ចាប់ពី ១៧-៥០ តោន​ គិតជាភាគរយ​គឺលេីសពី៦០%​ ទៅដល់១១០%​ នៃច្បាប់អនុញ្ញាត  ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ចំនួន​ ០៣គ្រឿងដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា​ លេីបណ្តាញផ្លូវថ្នល់​ តាមប្រភេទយានយន្តដូចខាងក្រោម៖ 

-​ យានយន្តភ្លៅ ២​ ទម្ងន់អនុញ្ញាត​ ១៦តោន

-​ យានយន្តភ្លៅ ៣​ ទម្ងន់អនុញ្ញាត​ ២៥តោន

-​ យានយន្តភ្លៅ ៤ ទម្ងន់អនុញ្ញាត​ ៣០តោន  

– យានយន្តសណ្តោងរ៉ឺម៉ក​ ឬសណ្តោងសឺមីរ៉ឺម៉ក​ ដែលមានភ្លៅ៥  ទម្ងន់អនុញ្ញាត​ ៤០តោន

-​ យានយន្តសណ្តោងរ៉ឺម៉ក​ ឬសណ្តោងសឺមីរ៉ឺម៉ក​ ដែលមានភ្លៅ៦​ ឡេីងទៅ​  ទម្ងន់អនុញ្ញាត​ ៤៥តោន

– ចំពោះប្រភេទយានយន្តផ្សេងទៀត សូមពិនិត្យលើតារាងរូបភាពជូនភ្ជាប់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបញ្ជាក់ដល់គ្រប់ភាគីពាក់ព័ន្ធបញ្ឈប់រាល់វប្បធម៌អន្តរាគមន៍នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់​ និងស្នេីសុំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ​ ម្ចាស់រថយន្តធុនធ្ងន់​ និង​ អ្នកបេីកបររថយន្តធុនធ្ងន់​ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ​ សូមបញ្ឈប់ការប្រេីប្រាស់ឡូហ្គូផ្សេងៗបិទជាប់ឡាន​ និងកុំដឹកជញ្ជូនទំនិញលេីសទម្ងន់កម្រិតកំណត់​ ហេីយចូលរួមអនុវត្ត​ និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីផ្លូវថ្នល់​ជាធរមាន។   

ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕

ដោយ​៖ តារា​


ចែករំលែក៖