ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថាវប្បធម៌និងប្រវត្តិដែរលំបាកវាគួរណាស់តែចាំបាច់ក្នុងការថែរក្សាឲ្យមនុស្សជំនាន់ក្រោយៗទៀតបានដឹង។ ដោយសំដៅទៅលើប្រវត្តិដ៏ខ្មៅងងឹតនៃកម្ពុជាក្រោមការដឹកនាំរបស់ខ្មែរក្រហម ១៩៧៥-១៩៧៩ សម្ដេចធិបតីបានរំលឹកពីប្រវត្តិដែលកម្ពុជាធ្លាប់ជាសម័យមហានគររហូតធ្លាក់ចុះដល់ចំណុចសូន្យ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ ដោយបង្ហាញនូវក្ដីព្រួយបារម្ភថាប្រវត្តិសាស្ត្រនៃកាចឈឺចាប់របស់កម្ពុជាអាចនឹងត្រូវបានក្មេងៗបំភ្លេចចោល បន្ទាប់ពីមានការលើកឡើងពីយុវជនមួយចំនួនដែលពុំជឿថាមានរបបកាប់សម្លាប់នៅកម្ពុជា។
ដូច្នេះហើយសម្ដេចបានជំរុញឲ្យធ្វើការរៀបចំនូវប្រវត្តិសាស្ត្រពិតច្បាស់លាស់ នឹងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖ «ព្រោះវាភ្ជាប់គ្នាវាភ្ជាប់នូវអ្វីដែលជាប្រវត្តិសាស្ត្ររបស់យើង ពីសម័យមហានគរចុះមករហូតដល់ចំណុចសូន្យ។ ហើយត្រូវចាប់ផ្ដើមឡើងវិញរាប់រយឆ្នាំទៅមុខទៀត។ ដែលខ្ញុំនិយាយថាសម័យនេះសូម្បីតែអ្នកដែលឃើញជាក់ស្ដែងជួនកាលអ្នកខ្លះត្រូវគេទឹមជាគោផងត្រូវមានក្មេងៗមួយចំនួនមិនទាន់ជឿ ទម្រាំតែអ្នកទាំងអស់នេះគាត់ត្រូវ ៥០ ឆ្នាំទៀតគាត់អត់នៅបានប្រាប់ថាតាធ្លាប់ឆ្លងកាតបែបនេះបែបនោះតើមានអ្នកណាស្ដាប់ពីរឿងបែបនេះ?»។
សម្ដេចធិបតីថា ៖ ការរៀបរៀងប្រវត្តិសាស្ត្រត្រូវជៀសវាងឲ្យបានជាពិសេសការជំរុញការប្រព្រឹត្តអំពើជ្រុលនិយមការសម្លាប់មនុស្ស។
សម្ដេចថា៖ «ប្រវត្តិសាស្ត្រមិនមែនលើកមកតែចំណុចអាក្រក់និងភាពវិជ្ជមាននោះទេ តែជាការរំលឹកនូវអ្វីដែលមិនត្រូវធ្វើឲ្យកើតមានឡើង»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរក្សាទុកឯកសារ ពាក់ព័ន្ធអ.វ.ត.ក ឲ្យបានត្រឹមត្រូវ និងលើកទឹកចិត្តប្រជាពលរដ្ឋទាំងជនបរទេស និងខ្មែរ ដែលចង់សិក្សាស្រាវជ្រាវឯកសារដើម ពាក់ព័ន្ធរបបប្រល័យពូជសាសន៍។បើតាមប្រសាសន៍សម្តេចធិបតី ប្រវត្តិសាស្ត្រយើងមិនមែនយកមកដើម្បីតែរំលឹកអំពើអាក្រក់ ឬមួយភាពអវិជ្ជមាននោះទេ ប៉ុន្តែវាជាតថភាពមួយនៅក្នុងសង្គមរបស់យើង ដែលកម្ពុជា និងពិភពលោករងគ្រោះ ដែលជាអ្វីមនុស្សជាតិ មិនត្រូវការកើតឡើង។ ការរៀបចំ ការចងក្រង និងការស្រាវជ្រាវ ចាំបាច់ណាស់ត្រូវតែមាន ប៉ុន្តែត្រូវផ្អែកលើឯកសារដែលពិតប្រាកដ កុំឲ្យនិយាយពាក្យថា ក្អែកមួយជាក្អែកដប់ ហើយបើប្រវត្តិសាស្ត្រមិនផ្អែកលើឯកសារពិតប្រាកដ ថ្ងៃក្រោយវានឹងក្លាយជារឿងផ្សេង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងការទាមទារតម្កល់ទុកឯកសារនៅទីនេះ ក៏ដូចជាបង្កើតនូវវិទ្យាស្ថានទៅថ្ងៃមុខ នៅក្នុងការថែរក្សា និងចែករំលែក ព្រោះប្រវត្តិសាស្ត្រឥលូវ សូម្បីតែនៅអង្គការសហប្រជាជាតិ បង្កើតជាថ្ងៃចងចាំផង ក្នុងអំពើប្រល័យពូជសាសន៍ នៅប្រទេសមួយចំនួន ដើម្បីឲ្យមនុស្សជាតិចងចាំពីប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ត្រ ដែលល្អ យើងត្រូវប្រឹងប្រែងដើម្បីជោគជ័យ តែប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយធ្វើយ៉ាងណាត្រូវចៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្តអំពើជ្រុលនិយម កាប់សម្លាប់ប្រជាពលរដ្ឋ។ នៅក្នុងគោលនយោបាយ ទិសដៅណាក៏ដោយ ហេតុផលណាក៏ដោយ ប៉ុន្តែដែលចេញគោលនយោបាយកាប់សម្លាប់ប្រជាជនរាប់លាននាក់បែបនេះ គឺមិនអាចទទួលយកបានទេ ហើយកូនខ្មែរទាំងអស់ ត្រូវចងចាំ»៕
ដោយ ៖ សិលា