ខេត្តកោះកុង៖ អាជ្ញាធរ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះជួយសំរួលចរាចរណ៍ នៅផ្លូវជាតិលេខ៤៨ ចំណុចអង់ទែន ៤ដើម កំណាត់ផ្លូវហូរច្រោះដាច់ ស្ថិតក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដែលបច្ចុប្បន្ន អាជ្ញាធរជួសជុលអាចសម្រួលចរាចរបឋមឡើងវិញហើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងមានការប្រុងប្រយ័ត្ន ក្នុងអំឡុងពេលភ្លៀងធ្លាក់។
បេីតាមការប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លោក អន ដាវុធ បានឱ្យដឹងថា ទីតាំងចំណោតវរៈ២ លើកំណាត់ផ្លូវជាតិលេខ៤៨ គឺត្រង់ចំណុចគីឡូលេខ១៤២ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំទទួលគរគី ស្រុកមណ្ឌលសីមា ត្រូវបានកែសម្រួលចរាចរណ៍ជាបណ្តោះអាសន្នឡើងវិញហើយ ខណៈជាទីតាំងខាងលើកំពុងមានការដ្ឋានស្ថាបនាផ្លូវ។
ប្រធានមន្ទីរសាធារណការខេត្តរូបនេះ បានបន្តថា ២ថ្ងៃកន្លងមកនេះ អាកាសធាតុមានភ្លៀងធ្លាក់ច្រើនដែលបណ្តាលឱ្យកំណាត់ផ្លូវជាតិលេខ៤៨មួយចំនួនរងប៉ះពាល់ផលដោយសារតែចរន្តទឹកហូរកាត់លើផ្លូវធ្វើឱ្យមានការច្រោះដីពិបាកចរាចរណ៍ទៅមក។ ប៉ុន្តែទោះយ៉ាងណា ក៏ក្រុមការងារកំពុងដុតដៃដុតជើងកាយសម្រួលឱ្យល្អប្រសើរឡើងវិញ។
ជាមួយគ្នានេះ លោកប្រធានមន្ទីររូបនេះ ក៏ស្នើដល់គ្រប់អ្នកបើកបរយានយន្តទាំងអស់ដែលធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤៨ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការបញ្ជារថយន្តរបស់ខ្លួន ព្រោះស្ថានភាពមួយចំនួនរអិល កុំបើកបរហួសលឿនឡើងចុះចំណោតបត់បែន កុំដឹកទំនិញលើសទម្ងន់កំណត់ និងមានភ្លៀងធ្លាក់ខ្លាំងពិបាកមើលផ្លូវ។ ចៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុណាមួយអំឡុងពេលបើកបរផងដែរ៕
ដោយ៖ តារា