ខេត្តព្រះវិហារ ៖ កម្លាំងសង្គ្រោះមហន្តរាយ បានជួយចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាង៣៥០នាក់ និងម៉ូតូជាង ១៥០គ្រឿង ត្រង់ទំនប់បង្ហៀរទឹកអូរស្វាយ ភូមិធម្មជាតិដោយជំនន់ទឹកភ្លៀង។
នាថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២៤ កម្លាំងសង្គ្រោះមហន្តរាយរបស់កងពលតូចអន្តរាគមន៍លេខ៧ ចុះជួយចម្លងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលឆ្លងកាត់ទំនប់បង្ហៀរទឹកអូរស្វាយទឹកជន់លិចផ្លូវដោយទឹកភ្លៀង ស្ថិត នៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ។
យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ត្រី ជី រិទ្ធី មេបញ្ជាការរងប្រចាំបញ្ជាវរសេនាតូចលេខ៣៧១ នៅ ក្នុងបេសកកម្មនេះ លោកបានដឹកនាំកងកម្លាំងចំនួន ២៨នាក់ ដោយបំពាក់អាវពោង និងសម្ភារៈសង្គ្រោះ បានជួយចម្លងប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួនប្រមាណជាង ៣៥០នាក់ ម៉ូតូចំនួនជាង ១៥០គ្រឿង នឹងបន្តជួយចម្លងរហូតដល់ទឹកស្រកជាធម្មតាវិញ។
គួរបញ្ជាក់ផងដែរថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើឱ្យតាមបណ្តា ភូមិ ឃុំ ស្រុក នីមួយៗ ក្នុងភូមិសាស្រ្តខេត្តព្រះ វិហារ កំពស់ទឹកមានការកើនឡើងជាខ្លាំង ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ ពីគ្រោះទឹកជំនន់ ជៀសវៀងការបង្ករគ្រោះថ្នាក់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិផ្សេងៗ៕
ដោយ៖ សូរិយា