ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញពីសកម្មភាពកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ខណ្ឌ បានចុះត្រួតពិនិត្យ ឆែកឆេរក្រុមក្មេងដើរលេងដាច់យប់ដែលប្រមូលផ្តុំគ្នានៅតាមការាសសាំង សួនច្បារ ដោយបានធ្វើការអប់រំណែនាំឱ្យបំបែកគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន នឹងមិនឱ្យប្រមូលផ្តុំគ្នាទៀតនោះទេ។
គួររម្លឹកថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកងកម្លាំងសមត្ថកិច្ចបន្តបង្ក្រាបក្មេងទំនើងឱ្យដល់ឫសគល់សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួនគឺមិនមានក្មេងទំនើង។ ការណែនាំរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ដូច្នេះ «ការបង្ក្រាបក្មេងទំនើង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចរបស់យើងបានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាព គឹកម្លាំងរបស់យើងចាប់បានភ្លាម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី កងកម្លាំងមានសមត្ថកិច្ចរបស់យើងត្រូវពង្រឹងបន្ថែមទៀតក្នុងការបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះ»។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យអភិបាលខណ្ឌនៅជាប់ព្រំប្រទល់ជាមួយនឹងស្រុកមួយចំនួននៃខេត្តកណ្ដាលប្រជុំជាមួយអភិបាលស្រុកជាប់ព្រំប្រទល់ ដើម្បីរកវិធានការទប់ស្កាត់ក្មេងទំនើងទាំងនេះ។ បន្ថែមពីនេះក៏ត្រូវសហការជាមួយនឹងនាយកសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកំណត់ពីមុខសញ្ញាក្មេងទំនើងជាមួយនិងការដាក់កម្លាំងឆែកឆេរទៅលើម៉ូតូសិស្សដែលសង្ស័យថា ជាមុខសញ្ញាក្មេងទំនើង។
លោក ឃួង ស្រេង បន្តថា ការបង្ក្រាបក្មេងទំនើង អាជ្ញាធរមានសមត្ថកិច្ចអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែអ្វីដែលល្អជាងនេះ គឺការបង្ការទប់ស្កាត់កុំឱ្យមានក្មេងទំនើងទើបជារឿងដែលល្អបំផុត។ក្រៅពីបង្ក្រាប បង្ការទប់ស្កាត់ក្មេងទំនើងហើយនោះ លោកឃួង ស្រេងក៏បានណែនាំឱ្យយកចិត្តទុកដាក់ពិនិត្យអាវុធជាតិផ្ទុះ ពិនិត្យយានយន្តកែច្នៃស៊ីម៉ាំង ការពិនិត្យទីតាំងលក់កែច្នៃដាវសាមូរ៉ៃ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងការបង្ក្រាបគ្រឿងញៀនផងដែរ សំដៅធ្វើយ៉ាងណាឱ្យភូមិសង្កាត់មានសុវត្ថិភាព។
គួរបញ្ជាក់ដែរថា នាឱកាសនោះលោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឱ្យដឹងថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានក្រុមក្មេងទំនើងចំនួន១២ក្រុម ហើយក្នុងចំនួន១២ក្រុមនេះកម្លាំងមានសមត្ថកិច្ច បង្ក្រាបបានជាបន្តបន្ទាប់។ ចំណែកក្មេងទំនើងដែលនៅសេសសល់នឹងបន្តស្វែងរកធ្វេីការបង្រ្កាបជាក់ស្ដែងតទៅទៀត៕
ដោយ៖ តារា