ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំនិងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរងផែនការងារធនធានមនុស្ស ទទួលទិសក្រុងពោធិ៍សាត់ និងដោយមានការសហការពីលោក ធៀម សុផាត អភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ២០នាក់ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចំនួន៣៩នាក់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ចំនួន ១៤នាក់ កម្លាំងសរុបចំនួន៧៤នាក់ បានធ្វើការដាក់គោលដៅចុះត្រួតពិនិត្យស្វែងរកសារធាតុញៀនខុសច្បាប់ ជាតិស្រវឹង អាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅវេលាម៉ោង២១ និង០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា ៖ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួនបណ្ដោះអាសន្ន និងអប់រំក្នុងករណីដូចជា បើកបរក្នុងស្ថានភាពស្រវឹងចំនួន ០១ករណី ក្នុងនោះបានធ្វើកិច្ចសន្យានិងអប់រំមនុស្សចំនួន ០១នាក់ និងបានឱ្យត្រលប់ទៅលំនៅឋានវិញ។
ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣ករណី មនុស្សចំនួន០៣នាក់ (ប្រុស) មានសារធាតុញៀនក្នុងទឹកនោម ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី។ ករណីប្រើប្រាស់ដោយខុសច្បាប់នូវបារីអេឡិចត្រូនិក (Vape) ចំនួន ០៣ករណី មនុស្សចំនួន០៤នាក់ ស្រី ០១នាក់ ក្នុងនោះសមត្ថកិច្ចបានដកហូតឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិក ធ្វើកិច្ចសន្យា និងអប់រំឱ្យត្រលប់ទៅលំនៅឋានវិញ។
ករណីក្មេងទំនើងជិះម៉ូតូលឿននិងគ្មានឯកសារច្បាស់លាស់ចំនួន០៣ករណី។ ក្នុងនោះសមត្ថកិច្ចអប់រំជនសង្ស័យបានចំនួន០៥នាក់ ស្រី០២នាក់ បច្ចុប្បន្នមនុស្សត្រូវបានអាណាព្យាបាលមកធានាដើម្បីយកទៅអប់រំនៅលំនៅឋានវិញ និងករណីក្មេងទំនើងមានកាំបិតកែច្នៃចំនួន ០២ករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន០៥នាក់។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីបន្តនីតិវិធី៕
ដោយ៖ តារា