ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី គ្រីស្ទីន ប៉ាកូ (Kristin Parco) ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងសុីជម្រៅអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នឹងអង្គការ IOM ក្នុងការងារលើកកម្ពស់និងគាំពារសិទ្ធិជនទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរបានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។
ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ លោកអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកស្រីប្រធាននិងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា នឹងអង្គការ IOM ព្រមទាំងការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយសម្ភារបច្ចេកទេសជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។
លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់អង្គការ IOM ដែលជួយជ្រោមជ្រែងឱ្យកម្ពុជាទទួលបានជ័យលាភីទី៦ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ព្រមទាំងការបន្តគាំទ្រឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់ក្នុងនាមជាប្រទេសជ័យលាភីក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជាធ្វើជាសហប្រធាន ជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ ពាក់ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនលោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការ IOM ប្រចាំកម្ពុជាផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងនិងការបន្តប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿននូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ព្រមទាំងឆន្ទៈខ្ពស់របស់ក្រសួងមហាផ្ទៃ និងក្រសួងនានា ក្នុងការពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។
ជាការឆ្លើយតប លោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការ IOM ប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភីក្នុងការអនុវត្ត ។ លោកស្រី ក៏បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។
ក្នុងជំនួបនេះផងដែរ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Kristin Parco បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៅក្នុងអាណត្តិបេសកកម្មរបស់លោកស្រី និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការដ៏ស្អិតរមួតនេះនឹងបន្តទៅមុខទៀត ជាមួយនឹងប្រធានអាណត្តិថ្មីរបស់អង្គការ IOM ផងដែរ៕
ដោយ៖ តារា