ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​ ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាព

ចែករំលែក៖

ទីក្រុង​ហាណូយ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍​ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ​ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ 

សូមជម្រាបជូនថា​ សម្ដេចតេជោ​ ពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីមរណភាពរបស់ លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ការទទួលមរណភាពរបស់លោក គឺជាការ បាត់បង់ដ៏ធំធេងមិនត្រឹមតែ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។ សមិទ្ធផលដ៏ឧត្តុងឧត្តម និងស្ថាដៃដ៏ ថ្លៃថ្លារបស់លោក នឹងត្រូវបានចងចាំក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់ៗរូបជារៀងរហូត។

ក្នុងឱកាសប្រកដោយក្តីសង្វេគនេះ តាងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ទាំងមូល សម្ដេចតេជោ​ សូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោក និងជាពិសេស តាមរយៈ លោក ជាមួយក្រុមគ្រួសាររបស់ លោក Ngyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក Ngyen Phu Trong សូមបានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖ តារា​


ចែករំលែក៖