ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ណែនាំរបស់អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ដល់មន្ត្រីបសុពេទ្យ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននាពេលនោះ បានធ្វើឡើងស្របពេលដែលលោកអភិបាលខេត្ត បាន អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ ក្របី ដើម្បីការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺ ដុំពក ដែលជាសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ ក្រោមការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលស្រុកសេសាន ។
ពិធីនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋប្រមាណ ១៧០នាក់ ស្ថិតនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានឱ្យដឹងថា គិតមកត្រឹម ថ្ងៃ២៣ កក្កដា ២០២៤ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលសហការជាមួយអាជ្ញាធរ មូលដ្ឋាន និងភ្នាក់ងារពេទ្យសត្វភូមិ បានចាក់វ៉ាក់សាំងសត្វគោ ក្របី នៅទូទាំងខេត្តបានចំនួន ១ម៉ឺន ៧ពាន់ ៣១៥ក្បាល រួចមកហើយ និងនៅថ្ងៃនេះបានបន្តចាក់បន្ថែមទៀត។
លោក ទុំ នីរ៉ូ បានបន្តថា សព្វថ្ងៃនេះ ការចិញ្ចឹមសត្វគោ-ក្របី នៅខេត្តស្ទឹងត្រែង នៅមិនទាន់បាន អនុវត្តតាមវិធានបច្ចេកទេសឲ្យបានសមស្របនៅឡើយទេ ដោយកសិករភាគច្រើន នៅតែបន្តចិញ្ចឹម សត្វតាមបែបប្រពៃណី ដោយលែងចោលពាសវាលពាសកាល គ្មានការមើលថែទាំ និងមិនបានផ្តល់ ចំណីឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់នោះទេ ។ លោកថា កក្តានេះ បានធ្វើឲ្យសត្វគោ-ក្របីភាគច្រើន មិនសូវមានការលូតលាស់ល្អ ជាពិសេសធ្វើឱ្យសត្វជួបប្រទះនូវបញ្ហាសុខភាព ងាយទទួលរងនូវជំងឺ និងអាចស្លាប់ជាដើម។
លោកប្រធានមន្ទីរកសិកម្មខេត្ត បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ-ក្របី នៅពេលនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងសត្វគោ-ក្របី កាត់បន្ថយអត្រាសត្វស្លាប់ និងហានិ ភ័យពីការបរិភោគសាច់សត្វជាដើម ជាពិសេសនៅក្នុងរដូវវស្សានេះ ជំងឺដែលតែងតែជួបប្រទះជាញឹក ញាប់ទៅលើគោ-ក្របី មានជំងឺសារទឹក ជំងឺអុតក្តាម និងជំងឺដុំពក ជាដើម។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុក ដាក់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់ៗរូប និងគ្រប់ជនជាតិ ។ លោកថា តាមរយៈរបាយ ការណ៍ និងយុទ្ធនាការចាក់ វ៉ាក់សាំងនាពេលនេះបង្ហាញថា មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានបំពេញតួនាទី ភារកិច្ច ប្រកបដោយទំនួលខុសត្រូវ ជាពិសេសមិនត្រឹមតែយកចិត្តទុកដាក់ចំពោះជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះ ទេ ថែមទាំងបានគិតគូយកចិត្តទុកដាក់ដល់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋថែមទៀតផង។
លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ-ក្របី ជូនប្រ ជាពលរដ្ឋនាឱកាសនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមទប់ស្កាត់នូវការរីករាល ដាលនៃជំងឺឆ្លងសត្វគោ-ក្របី ពិសេសនារដូវវស្សានេះ។
លោកអភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់មន្ត្រីជំនាញបសុព្យាបាល ខិតខំបន្ថែមទៀត ក្នុងការ ចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វគោ ក្របី ជូនប្រជាពលរដ្ឋ និងលោកអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វពាហនៈ មិនត្រូវលែងចោលពាសវាល ពាសកាល គ្មានការថែទាំត្រឹមត្រូវ និងគ្មានចំណីត្រឹមត្រូវគ្រប់គ្រាន់ ដែលអាចធ្វើឱ្យសត្វគោ ក្របី ជួបប្រទះបញ្ហាសុខភាព និងងាយទទួលរងនូវការឆ្លងជំងឺផ្សេងៗទៀត៕
ដោយ៖ សូរិយា