ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យចំនួន១នាក់ទៅកាន់តុលាការខេត្តនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។
មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យមានឈ្មោះ លី ធា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតនៅភូមិចំការចេក ឃុំចំការចេក ស្រុកសំរោង ខេត្តឧត្ដរមានជ័យ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងរាជធានីភ្នំពេញ។
ប្រភពបន្តថា នៅវេលាម៉ោង៥និង៣០ នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង បានធ្វើការបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស នៅចំណុចផ្សារគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ។ ដោយជនសង្ស័យបានប្រព្រឹត្តកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចកន្លែងផ្ញើម៉ូតូក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ស្ថិតក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងដកហូតវត្ថុតាងពាក់ព័ន្ធរួមមាន ម៉ូតូចំនួន១គ្រឿង និងទូរស័ព្ទចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង រីឯម៉ូតូប្រគល់ឱ្យទៅម្ចាស់ដើមវិញ៕
ដោយ៖ សុថាន