ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ៣០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។
ក្នុងប្រតិបត្តិការនោះ មានចំនួនគោលដៅសរុប ១០៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៥៦គ្រឿង, រថយន្តធំ ៨គ្រឿង, រថយន្តតូច ១៥១គ្រឿង និងម៉ូតូ ២៩៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣០២គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៨៧គ្រឿង និងម៉ូតូ ២១១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ថ្ងៃ ពីថ្ងៃទី១-២៧ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១០,៧៤២គ្រឿង, រថយន្តធំ ៣១០គ្រឿង, រថយន្តតូច ៤,០៣០គ្រឿង, ម៉ូតូ ៦,៤០២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៨៤៨គ្រឿង, រថយន្តធំ ១៥៩គ្រឿង, រថយន្តតូច ២,៦៣៥គ្រឿង និងម៉ូតូ ៥,០៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ៖ តារា