ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនដង្ហែប្រតិភូកីឡាកម្ពុជាក្នុង Paris Olympic Games 2024 នៅប្រទេសបារាំង

ចែករំលែក៖

ប្រទេស​បារាំង​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅថ្ងៃទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បាន​អបអរ​សាទរ​ក្បួនដង្ហែប្រតិភូកីឡាកម្ពុជាក្នុង Paris Olympic Games 2024 នៅប្រទេសបារាំង។ 

ជាមួយគ្នានោះ​ សម្ដេចធិបតី​ ក៏សូមជូនពរកីឡាករ​ កីឡាការិនី​យេីងទទួលបានជោគជ័យ​។ 

សូមជម្រាបជូនថា​ អត្តពលិកកម្ពុជា ៣រូប​ លើ ២ប្រភេទកីឡា បានទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ 2024 Summer Olympics នៅទីក្រុងប៉ារីស ប្រទេសបារាំង។​ អត្តពលិក ៣រូបរបស់កម្ពុជា ក្នុងនោះមានម្ចាស់​មេដាយ​មាស កីឡាស៊ីហ្គេម នៅកម្ពុជា កីឡាករ​អត្តពលកម្ម ឈុន ប៊ុនថន និងកីឡាហែល​ទឹកមានកីឡាករ កីឡាការិនី ២រូប គឺកីឡាករ កូសុង ដឺ ឡាបរ៉ារ៉ង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា។ អ្នកទាំង៣ ទទួល​បាន​សិទ្ធិអនុគ្រោះសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។

ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ ដែល​ជា​ព្រឹត្តិការណ៍ពហុកីឡាអន្តរជាតិ ដ៏​ធំ​ប្រចាំឆ្នាំ ដែល​ត្រូវ​បាន​រៀប​ចំ​​ឡើង​រាល់​ ៤ឆ្នាំ​ម្តង ដែល​នេះ​គឺ​ការ​ប្រកួត​លើក​ទី​​៣៣ហើយ ដែល​នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ការប្រកួត​កីឡាអូឡាំពិក​រដូវក្ដៅ 2024 Summer Olympicsលើកទី៣៣ គ្រោង​ដំណើរការ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា និងគ្រោងធ្វើ​ពិធី​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី១១ សីហា ឆ្នាំ​២០២៤ ដែល​គ្រោងដាក់​កីឡា​ចំនួន​៣២ប្រភេទកីឡា មាន ៣២៩​វិញ្ញាសា អោយ​អត្តពលិក​ប្រមាណ​ ១០,៥០០នាក់​ចូលរួម​ប្រកួត​ប្រជែង៕

ដោយ​៖ តារា​


ចែករំលែក៖