ភ្នំពេញ ៖ ការនិយាយត្រូវ និងការនិយាយត្រូវចិត្ត មិនដូចគ្នាទេ។ បងប្អូនយើងមួយចំនួនចូលចិត្តស្តាប់អ្នកនិយាយត្រូវចិត្ត ទោះមានឬគ្មានមូលដ្ឋាន, ទោះមានឬគ្មានលក្ខណៈវិទ្យាសាស្ត្រ, ទោះខាតឬចំណេញក៏ដោយ, សម្តីខ្យល់ក៏ក្លាយជាសម្តីមាសដែរ ឱ្យតែចេញពីមាត់អ្នកជ្រកក្រោមស្លាកជាតិនិយម។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៤ ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បន្តថា ៖ បងប្អូនត្រូវចាំថា មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមានច្រើនណាស់ ហើយអ្នកបរទេសបន្លំខ្លួនធ្វើជាអ្នកជាតិនិយមខ្មែរ ដើម្បីបំបែកបំបាក់ខ្មែរក៏មានមិនតិចដែរ, ប្រវត្តិសាស្ត្រយើងបានបង្រៀនយើងហើយ តាំងសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។ ដូច្នេះ សូមបងប្អូនចេះបែងចែកប្រកបដោយបញ្ញា។
បងប្អូនមួយចំនួនមិនព្រមបើកចិត្ត បើកបេះដូងស្តាប់ការពន្យល់សិនទេ, ដឹងតែពីជេរយកតែម្តង, ឱ្យប្រឹងរៀន ក៏ជេរ, ឱ្យប្រឹងអភិវឌ្ឍសមត្ថភាព ក៏ជេរ, ឱ្យប្រឹងធ្វើការ ក៏ជេរ, ឱ្យកាត់បន្ថយគ្រឿងស្រវឹង ក៏ជេរ, ហើយមានហេតុផលមួយម៉ឺនហេតុផល ដើម្បីជេរ, តែអត់មានហេតុផលសូម្បីតែមួយ ដើម្បីអភិវឌ្ឍខ្លួនឯង។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ៖ បងប្អូនមួយចំនួននិយាយថា អត់ជឿសម្តីរដ្ឋាភិបាលទៀតទេ និយាយឱ្យតែល្អស្ដាប់ តែការអនុវត្តជាក់ស្តែងនៅតែដដែល មានតែអន់ជាងមុន។ នេះមកពីបងប្អូនមិនបើកចិត្តបើកបេះដូងស្តាប់ការពន្យល់និងឈ្វេងយល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ បើបងប្អូនសម្លឹងតែពីជ្រុងអវិជ្ជមាន បងប្អូននឹងឃើញតែរឿងអវិជ្ជមានហើយ។ បើបងប្អូនដើរសំដៅតែទៅបន្ទប់ទឹក តើឱ្យបងប្អូនរកឃើញអាហារនៅតុបាយយ៉ាងម៉េចកើត។
តែពីជ្រុងរដ្ឋាភិបាល ការកសាងទំនុកចិត្តគឺជារឿងចាំបាច់, របាយការណ៍យកមុខត្រូវតែលុបបំបាត់, ការអនុវត្តជាក់ស្តែងតែមួយ វាប្រសើរជាងការសន្យាដ៏សែនពិរោះរាប់ពាន់រាប់ម៉ឺន ដែលមានតែនៅលើបបូរមាត់និងក្រដាស។
ការភ្ជាប់គម្លាតទំនុកចិត្តរវាងរដ្ឋនិងរាស្ត្រ គឺជារឿងចាំបាច់និងបន្ទាន់បំផុត។ យើងមិនអាចបន្តពន្យល់ពលរដ្ឋខណៈទំនុកចិត្តរបស់ពួកគាត់ធ្លាក់ចុះដល់កម្រិតប្រកាសអាសន្ននោះទេ៕
ដោយ ៖ សិលា