ខេត្តកំពង់ស្ពឺ៖ លោក វង់ ជីវ័ន្ត ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនជនដៃដល់ដែលបានវាយសម្លាប់បុរសម្នាក់ជាម្ចាស់ទំពាំងកាលពីកន្លងទៅ។
លោក ឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌ កំរិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានលោកចៅក្រុមឃុំខ្លួនជាបណ្តោះអាសន្ននេះមានឈ្មោះ សូត្រ ធន ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនហើយនៅព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឡុង លី ភេទប្រុសអាយុ៦៦ឆ្នាំមានមុខរបរប្រជាការពារ រស់នៅក្នុងភូមិឃុំខាងលើបានស្លាប់នៅនឹងកន្លែងកើតហេតុ។
ហើយជនដៃដល់ត្រូវបានឃុំខ្លួនតាមដីកាលេខ១២៧៤៩ចុះថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៤ បានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចធ្វើការនាំខ្លួនជនត្រូវចោទទៅដាក់ពន្ឋនាគារខេត្តកំពង់ស្ពឺ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
សូមរំលឹកថាកាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤កន្លងទៅមានករណីឃាតកម្មមួយកើតឡើងនៅចំណុចមាត់ស្ទឹងខាងក្រោយចម្ការរបស់ជនរងគ្រោះស្ថិតក្នុងភូមិភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះបានស្លាប់នឹងមានស្នាកស្នាម កំភួន ដៃសងខាងមានស្នាមជាំហើម បាក់ខ្នងដៃឆ្វេង មុតបាតដៃឆ្វេង បែកចញ្ចើមស្ដាំ ស្នាមជាំលើជុំចញ្ចើម ដាច់ស្លឹកត្រច្រៀកស្តាំមួយកំណាត់ខាងលើ ព្រមទាំងផុងលលាដ៏ក្បាលខាងស្តាំ (អាចបុកហ្នឹងវត្ថុរឹងមិនសូវមុតច្រើនដង)បែកលលាដ៏ខាងលើផ្នែកខាងឆ្វេង បន្សល់នៅកន្លែងកើតហេតុ មានកាំបិតផ្កាក់ដងឬស្សី របូតផ្លែ ជារបស់ជនរងគ្រោះ ៕
ដោយ៖ ចន្ទ លីហ្សា