ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ ទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ នាយិកាប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ របស់ធនាគារពិភពលោក (World Bank)

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បបានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ និងលោកស្រី Tania Meyer ដែលត្រូវបានតែងតាំងថ្មីជា Country Manager នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា។

ក្នុងឱកាសនេះដែរ លោកស្រី Mariam J.Sherman បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក៏ដូចជាការអនុវត្តសកម្មភាពស្នូលនៃគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោកដែលក្នុងនោះរួមមាន (១) ការអនុវត្តស្តង់ដាសាលារៀនគំរូ (២) កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន (៣) អភិបាលកិច្ចក្នុងវិស័យអប់រំ និង (៤) កំណែទម្រង់នៅក្នុងអនុវិស័យឧត្តមសិក្សា។ បន្ថែមពីនេះ លោកស្រីនាយិកា ក៏បានលើកឡើងពីគម្រោងអប់រំមូលដ្ឋាន (Basic Education) នាពេលថ្មីៗនេះ ដើម្បីជជែកពិភាក្សានិងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ ងាយស្រួលក្នុងការជួយគាំទ្រឱ្យចំគោលដៅនិងមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តនៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់វិស័យ ពិសេសគឺវិស័យអប់រំ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស និងគូសបញ្ជាក់ថា គម្រោងការអប់រំមូលដ្ឋាន (Basic Education) ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងដើម្បី៖ ១-ការធ្វើទំនើបកម្មមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូ (TTCs) សម្រាប់គម្រោងការអប់រំមូលដ្ឋាន ដើម្បីផ្តល់នូវការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាពខ្ពស់ ដែលរួមមានទាំងការពង្រឹងគុណវុឌ្ឍិគ្រូ ក៏ដូចជាការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាល ឧបករណ៍ និងសម្ភារៈបរិក្ខារផ្សេងៗ ២-លើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ដោយការពង្រឹងនូវគុណភាពនៃពេលវេលាសិក្សា សុខភាព សុខុមាលភាពរបស់សិស្ស ក៏ដូចជាផ្តល់បរិយាកាសសិក្សាដ៏ល្អមួយសម្រាប់សិស្ស និង៣-ការកែលម្អអភិបាលកិច្ចតាមវិស័យដោយការបង្កើនការគ្រប់គ្រងហិរញ្ញវត្ថុ ពង្រឹងប្រព័ន្ធ HRMIS ឱ្យមានគុណភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពកែលម្អគោលនយោបាយគ្រូបង្រៀន៕

ដោយ ៖ សិលា


ចែករំលែក៖