ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិដល់នាយទាហាន៣រូប ជាឧត្តមសេនីយ៍ត្រី និងឧត្តមនាវីត្រី។
នាយទាហានដែលទទួលបានការដំឡើងឋានន្តរស័ក្តិនោះ រួមមាន៖
១. វរសេនីយ៍ឯក ថា ដាណាន់ ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី
២. វរសេនីយ៍ឯក សៀ ទីន ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី
៣. វរនាវីឯក មិន សុខា ដំឡើងឋានន្តរស័ក្តិជាឧត្តមនាវីត្រី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ។ លោកជានាយទាហាន ដែលមានចំណេះដឹងខ្ពស់ បទពិសោធន៍ផ្នែកយោធា លំដាប់អន្តរជាតិ មុឺងម៉ាត់ ម៉ត់ចត់ ហើយជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ។
លោក សៀ ទីន បានទទួលឱកាសសិក្សា និងបានបញ្ចប់ការសិក្សារបស់ខ្លួនលើមុខជំនាញជាច្រើនជាបន្តបន្ទាប់រួមមាន៖ បរិញ្ញាបត្រធុរៈកិច្ច គ្រប់គ្រងយោធាពីសាលាបណ្ឌិតសភាយោធាប្រទេសអូស្រ្តាលី បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ និងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលី និងបានបញ្ចប់វគ្គបញ្ជាការសេនាធិការពីប្រទេសសិង្ហបុរី ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានចូលបម្រើការងារនៅកងរាជអាវុធហត្ថនៅឆ្នាំ២០០៨ ហើយនៅឆ្នាំ២០០៩ លោកបានចូលសិក្សានៅសាកលវិទ្យាល័យការពារជាតិ។ នៅក្នុងវគ្គនោះ លោកបានដាក់ពាក្យប្រឡងទៅសិក្សានៅនៅសាលាបណ្ឌិតសភាយោធា ប្រទេសអូស្ត្រាលីរយៈពេល៤ឆ្នាំ។
ក្នុងតួនាទីជានាយសេនាធិការអាវុធហត្ថរាជធានី ភ្នំពេញ លោកត្រូវបានគេមើលឃើញថាបានបង្ហាញស្នាដៃជាច្រើនពាក់ព័ន្ធការបណ្តុះបណ្តាលយុទ្ធវិធីប្រយុទ្ធ និងការបង្ក្រាបបទល្មើសនានាដល់កងកម្លាំង ជាពិសេសការរៀបចំឲ្យកងកម្លាំងអាវុធហត្ថ មានសម្ភារ និងបច្ចេកទេសគ្រប់គ្រាន់ នៅពេលដែលចេញប្រតិបត្តិការទាំងកិច្ចការពារសន្តិសុខសណ្តាប់តាមមូលដ្ឋាន និងបង្ក្រាបបទល្មើសនានា។
ក្រៅពីនោះ លោកក៏បានដឹកនាំកងកម្លាំងអាវុធហត្ថចូលរួមសកម្មភាពមនុស្សធម៌ចែកអំណោយជូនប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខជាប្រចាំចំពោះមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញដែលជួបការលំបាក ក៏ដូចជាជួបគ្រោះថ្នាក់ផ្សេងៗផងដែរ។
តំណែងតួនាទីរបស់គាត់ ពិតជាស័ក្តិសម ក្នុងការបំពេញតួនាទី ភារកិច្ច ជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ ៕
ដោយ ៖ សិលា