ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ដើម្បីពិនិត្យពីវឌ្ឍនភាពគម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចគ្រប់គ្រងគម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាមជូនដល់រដ្ឋសភាកម្ពុជា។

 កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មការចំពោះកិច្ច អង្គភាពគ្រប់គ្រងគម្រោង Project Management Unit (PMU) ប្រធានក្រុមទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា តំណាងក្រុងហ៊ុនសាងសង់ (TCV) តំណាងក្រុមហ៊ុនប្រឹក្សាគម្រោង (Archetype) តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។ តាមរបាយការណ៍ រហូតមកពេលនេះការសាងសង់សម្រេចបានលទ្ធផលប្រមាណ៥៧%។

ប្រទេសវៀតណាមបានផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន២៥លានដុល្លារ ក្នុងការសាងសង់អគាររដ្ឋបាលទំនើបនេះ ដែលមានកម្ពស់១២ជាន់ ជូនរដ្ឋសភាកម្ពុជា។ តាមគម្រោង សំណង់អគារនេះ អាចនឹងបញ្ចប់នៅក្នុងខែសីហាខាងមុខនេះ ប៉ុន្តែក្រុមហ៊ុនអន្តរជាតិ TCV ដែលទទួលសិទ្ធិសាងសង់បានគូសបញ្ជាក់ថា ដោយសារបញ្ហាកូវីដ-១៩ ការសាងសង់នេះត្រូវបានអូសបន្លាយ ហើយក្រុមហ៊ុនបានស្នើសុំពន្យារពេល ពីខែសីហា ទៅដល់ខែតុលា ឆ្នាំ២០២៤នេះ។

អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើសំណើសុំពន្យាររបស់ក្រុមហ៊ុនសាងសង់។ ទោះយ៉ាងណា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តគម្រោងនេះឱ្យទទួលបានលទ្ធផលល្អ។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា អគាររដ្ឋបាលថ្មីនេះ ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម ដូច្នេះការសាងសង់ត្រូវធានាឱ្យខាងតែបាន ទាំងគុណភាព និងសោភ័ណភាព ៕

ដោយ ៖ សិលា


ចែករំលែក៖