ភ្នំពេញ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៩ ខែសីហា ក្នុងការប្រារព្ធទិវាអន្តរជាតិជនជាតិ ដើមភាគតិចពិភពលោកដើម្បីផ្សព្វផ្សាយអំពីប្រពៃណី ទំនៀមទម្លាប់ ស្វែងយល់អំពីជីវភាពរស់នៅ របស់បងប្អូនជនជាតិដើមភាគតិច និងដើម្បីការពារអភិរក្សនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសារបស់បងប្អូន។ ក្នុងឱកាសដ៏ប្រពៃនៃទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ឆ្នាំ២០២៤ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា មាន សេចក្តីសោមនស្សរីករាយក្រៃលែង សូមថ្លែង នូវសារលិខិតជូនបងប្អូនជនជាតិដើមភាគតិចទាំងអស់ ជាទីស្រលាញ់ ក្រោមប្រធានបទ “ការការពារសិទ្ធិរស់នៅ នឹងប្រាស្រ័យទាក់ទងតាម បែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត”។
ជនជាតិដើមភាគតិច ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ កួយ ទំពួន គ្រឹង ចារាយ ព្នង ពៅ កាវ៉ែត ស្បៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ជូន លុន ស្ទូច រដែ ខិ រអង ស្លុង លីន សំរែ និងជនជាតិដើមភាគតិចមួយចំនួនផ្សេងទៀត។ បងប្អូនជនជាតិដើមភាគតិចទាំងអស់ មានប្រមាណជា ១,៤% នៃចំនួនប្រជាជនសរុប និងរស់នៅក្នុងខេត្តមួយចំនួនដូចជា៖ រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងនៅតាមតំបន់មួយចំនួនទៀត។ បងប្អូនជនជាតិដើមភាគតិច យើងប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។
រាជរដ្ឋាភិបាលកម្ពុជាគោរព និងការពារសិទ្ធិជនជាតិដើមភាគតិចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ ដោយបានធានាពីសិទ្ធិស្មើគ្នាទាំងអស់របស់ប្រជាជនកម្ពុជាដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និងសាសនា។ ជាមួយគ្នានេះដែរគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ស្តីពីនីតិវិធីនៃ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច បានបញ្ជាក់យ៉ាងច្បាស់នូវគោលបំណងការពារ និងអភិរក្ស វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាក៏ដូចជាការលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។ លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចបានចំនួន ១៩៤ សហគមន៍ និងចូលរួមអនុម័តបទបញ្ជាផ្ទៃក្នុង ស្តីពីការប្រើប្រាស់ និងគ្រប់គ្រងដីជាសមូហភាពសហគមន៍ជនជាតិដើមភាគតិច បានចំនួន ១០១ សហគមន៍។
នេះសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បង ប្អូនជនជាតិដើមភាគតិច ក្នុងការការពារ អភិរក្ស និងថែរក្សាតម្លៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ និងរស់រវើក ជាពិសេសបានផ្តល់ឱកាស និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ។ យើងកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ការងារអភិវឌ្ឍន៍និង អភិរក្សជនជាតិដើមភាគតិចមានការរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ទាំងអស់នេះ កើតឡើងពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល និងមានការចូលរួមសហការ និងគាំទ្រយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍ អង្គការមិនមែន រដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយល់ដឹងនូវសារៈសំខាន់នៃការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច។
ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលបានចូលរួមយ៉ាងសកម្មក្នុង ការងារលើកកម្ពស់ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច នាពេលកន្លងមក។ ខ្ញុំសូមលើកទឹកចិត្ត ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការដើម្បីជំរុញការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្ស ជនជាតិដើមភាគតិចឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត។
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ បងប្អូនជនជាតិដើមភាគតិច !
ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមផ្តល់ជាអនុសាសន៍ និងគំនិតមួយចំនួនដូចខាងក្រោម៖
ទី១. ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងរៀបចំឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញឱ្យការងារ អភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចកាន់តែមានប្រសិទ្ធភាព។
ទី២. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងការសម្របសម្រួល និងសហប្រតិបត្តិការជាមួយ ក្រសួង ស្ថាប័ន្ទពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍនានាអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនវឌ្ឍនភាពបន្ថែមលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសការចុះបញ្ជី និងការទទួលស្គាល់អត្តសញ្ញាណជនជាតិដើម ភាគតិច។
ទី៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើម ភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិជនជាតិដើមភាគតិចទៅជាភូមិគំរូ ផ្អែកលើសក្តានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជន ជាតិដើមភាគតិច ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ទី៤. ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីភាពចាំបាច់ និងសារៈសំខាន់នៃ ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយ ទៅដល់គ្រប់សហគមន៍ជនជាតិដើមភាគ តិច និងសាធារណជន។
ទី៥. គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅកសាងសង្គមជាតិមួយដែលមានសមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើង ក្នុងនាមជនជាតិខ្មែរតែមួយ។
ជាទីបញ្ចប់ នៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ឆ្នាំ២០២៤ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរសម្តេចព្រះមហា សង្ឃរាជទាំងពីរគណៈ ប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរជនរួមជាតិ ជាពិសេសបងប្អូន ជនជាតិដើមភាគតិចទាំងអស់ ប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕
ដោយ៖ តារា