ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ៧ ៣០០លានដុល្លារ នៅរយៈពេល៦ ខែឆ្នាំ២០២៤ កើនឡើង១៩% ក្នុងនោះកម្ពុជានាំចូលពីចិនមានទឹកប្រាក់ ៦ពាន់លានដុល្លារ ខណៈកម្ពុជានាំចេញទៅកាន់ប្រទេសចិនមានត្រឹម ៨១៤លានដុល្លារ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍ក្រសួងពាណិជ្ជកម្ម។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ ប្រទេសចិននៅតែឈរលំដាប់ថ្នាក់លេខ១ ជាទីផ្សារនាំចូលធំជាងគេរបស់កម្ពុជា ដោយក្នុងនោះទំហំនៃការនាំចូលសរុបមាន ៦ ២១៤លានដុល្លារ កើនឡើង២០.២ភាគរយ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣។
សូមជម្រាបថា ទូទៅកម្ពុជា បាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម ខណៈការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន ទីផ្សារអឺរ៉ុប និងអាស៊ាន ក្នុងរយៈពេល៦ ខែឆ្នាំ២០២៤នេះ ក៏ជាទីផ្សារធំបន្ដបន្ទាប់ ដែលកម្ពុជានាំចូលច្រើនជាងគេ។ តំបន់អាស៊ាន ជាទីផ្សារនាំចូលធំទី២ មានទំហំ ៥ ៦៦៩លានដុល្លារ កើន១៣.៤%៕
ដោយ៖ តារា