ព័ត៌មានទាន់ហេតុការណ៍៖

(ស.ស.ស.ក) ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសម្ពោធនិងចែកផ្សាយ “សៀវភៅ ស” មូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អ៊ីនធឺណិត

ចែករំលែក៖

ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរៀបចំពិធីសម្ពោធផ្សាយ សៀវភៅ ស” ជាផ្លូវការ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅ អគារសេរីភាព ដោយមានភ្ញៀវអញ្ជើញចូលរួមប្រមាណ ៣០០នាក់ មកពីតំណាងក្រសួង ស្ថាប័ន អង្គការវិស័យឯកជន សមាគមសារព័ត៌មាន អ្នកសារព័ត៌មានអាជីព អ្នកសារព័ត៌មានអនឡាញ អ្នកប្រើប្រាស់បណ្តាញសង្គម និស្សិត និងមហាជនទូទៅ។

លោក ហ៊ុយ វណ្ណៈ ដែលដឹកនាំការចងក្រង «សៀវភៅ ស គូសបញ្ជាក់ថា ៖ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ប្រើប្រាស់ពេលវេលា១ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ និងបង្កើតឯកសារដែលមាន តម្លៃជាប្រវត្តិសាស្ត្រនេះ មានកម្រាស់១៥២ទំព័រ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សង្គមក្នុងបរិបទព័ត៌មាន ឌីជីថល។ ខ្លឹមសារ «សៀវភៅ ស» មានលក្ខណៈទូលំទូលាយនិងគ្រប់ដណ្តប់លើទិដ្ឋភាពវិជ្ជាជីវៈ ច្បាប់ក្រមសីលធម៌ សុជីវធម៌ និងគោលការណ៍សកលស្តីពីសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ។ «សៀវភៅ ស» ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់លើគុណភាពខ្លឹមសារផងដែរ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់មូលវិចារចំពោះ «សៀវភៅ ស» «ពិតជាឯកសារមានសារៈ សំខាន់ណាស់ ក្នុងការរួមចំណែកផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹង ច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការអនុវត្តប្រកបដោយភាពច្បាស់លាស់ និងការទទួលខុសត្រូវ»។
«សៀវភៅ ស» ត្រូវបានផ្តល់ជូនទៅស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា លេខាធិការដ្ឋាន ស្ថាប័នឯករាជ្យដូចជា គ.ជ.ប អង្គភាពប្រឆាំងអំពើពុករលួយ គ្រឹះស្ថានឧត្តមសិក្សា សមាគមសារព័ត៌មាន ជាតិនិងអន្តរជាតិ អ្នកសារព័ត៌មាន និស្សិត និងសាធារណជនទូទៅជាបន្តបន្ទាប់។ លោក ហ៊ុយ វណ្ណៈ បានមានប្រសាសន៍ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងបន្តចែកជូនដោយឥតគិតថ្លៃដល់ សិស្ស និស្សិត នៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យឱ្យបានច្រើនបន្ថែមទៀត។
បញ្ជាក់៖ អង្គភាព ស្ថាប័ន និងសាធារណជន ដែលមានបំណងចង់បាន សៀវភៅ ស សូមមេត្តាទាក់ទង ស.ស.ស.កតាមរយៈទូរស័ព្ទលេខ ០៧៧-៣៣៨-១៣១ ឬអ៊ីម៉ែលujfcpress@gmail.com ៕

ដោយ ៖ សិលា


ចែករំលែក៖