ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងដំឡើងភ្លើងស្តុបចំនួន១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ គិតមកដល់បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានភ្លើងស្តុបចំនួន២០០ទីតាំងហើយ ភ្លើងស្តុបទាំងនេះបាននិងកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញផងដែរ។ ជាមួយគ្នានេះសម្រាប់ឆ្នាំ២០២៤រដ្ឋបាលរាជធានីភ្នំពេញបានដំឡើងបង្គោលនិងបំពាក់ភ្លើងស្តុបថ្មីចំនួន១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៧ ខែសីហា ២០២៤នេះថា៖ មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញមានភ្លើងស្តុបចំនួន១៩៦ទីតាំង បាននិងកំពុងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ។ សម្រាប់ឆ្នាំ២០២៤នេះ យោងតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ដ្រីជំនាញនៃមន្ទីរសាធារណការ បន្ដដំឡើងភ្លើងស្តុបចំនួន ១២ទីតាំងបន្ថែមទៀតរួមមាន៖ ១-ភ្លើងស្តុបគោករកា, ផ្លូវលេខ១៨៦២ មហាវិថីឈ្នះ=ឈ្នះតំបន់កប់ស្រូវ។ ២-ភ្លើងស្តុប វត្តភ្នៀត ផ្លូវចូលវត្តភ្នៀត មហាវិថីឈ្នះ=ឈ្នះតំបន់ទំនប់កប់ស្រូវ។ ៣-ភ្លើងស្តុបសាលាសង្កាត់ក្រាំងធ្នង់ ផ្លូវលេខ១៨៦២ ប្រសព្វនឹងផ្លូវលេខ១០៥K។ ៤-ភ្លើងស្តុបផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ ប្រសព្វនឹងផ្លូវលេខ១៣០។
៥-ភ្លើងស្តុបវាលស្បូវ ផ្លូវជាតិលេខ១ ប្រសព្វនឹងផ្លូវចូលបុរីភូមិវាលស្បូវ។ ៦-ភ្លើងស្ដុបចំការព្រីង ផ្លូវលេខ១៨៦២ ប្រសព្វនឹងផ្លូវលេខ២០១១។
៧-ភ្លើងស្តុបសន្តិភាព២(ទូលកី) ផ្លូវជាតិលេខ ៣ ប្រសព្វនឹងផ្លូវបុរីសន្តិភាព២។
៨-ភ្លើងស្តុបកោះនរាប៉េងហួត ផ្លូវចូលស្ពានកោះនរាប្រសព្វនឹងផ្លូវជាតិលេខ១។ ៩-ភ្លើងស្ដុបសង្គមកិច្ច ផ្លូវលេខ៩៣(ព្រះមុនីវង្ស) ប្រសព្វនឹងផ្លូវ លេខ៤៦៦(ញឹកជូឡុង)។
១០-ភ្លើងស្តុបផ្លូវដែកទំនប់៧០ផ្លូវទំនប់លេខ៧០ ប្រសព្វនឹងផ្លូវដែកបឹងកក់(R8 )។
១១-ភ្លើងស្តុបបុរីកោះនរាA ផ្លូវស្ពានកោះនរា ប្រសព្វនឹងផ្លូវបុរីកោះនរាA និង១២- ភ្លើងស្តុបបុរីកោះនរាB ផ្លូវស្ពានកោះនរាប្រសព្វនឹងផ្លូវបុរីកោះនរាB ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋកាន់តែមានការយល់ដឹងខ្ពស់ជាងមុនក្នុងការធ្វើចរាចរណ៍ជាពិសេសការពាក់មួកសុវត្ថិភាព និងការគោរពភ្លើងស្តុបនិងស្លាកសញ្ញាចរាចរណ៍ជាដើម ។
លោក សាំ ពិសិដ្ឋ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអោយចូលរួមគោរពភ្លើងសញ្ញា ភ្លើងស្តុប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរលោក ជា សុវណ្ណ ប្រធានការិយាល័យអគ្គិសនីបំភ្លឺសាធារណៈ និងភ្លើងសញ្ញាចរាចរណ៍នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ មកដល់ពេលនេះរាជធានីភ្នំពេញមានភ្លើងស្តុបចំនួន ១៩៦ទីតាំង ក្នុងនោះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងការជួយឧបត្ថម្ភដោយអង្គការចៃកា ក៏មានការចូលរួមពីវិស័យឯកជនខ្លះដូចជាខាងកោះពេជ្រនិងបុរីធំៗមួយចំនួនខ្លះផងដែរ ៕. ដោយ សំរិត