សារព័ត៌មាន AFP បានផ្សាយថា តុលាការធម្មនុញ្ញនៃប្រទេសថៃ នៅថ្ងៃពុធ ទី៧ ខែសីហានេះ បានូចេញសាលក្រមរំលាយគណបក្ស Move Forward ដែលជាបក្សប្រឆាំងធំជាងគេបំផុតក្នុងប្រទេស ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងបំផុតមួយស្តីពីការការពារប្រឆាំងការប្រមាថព្រះមហាក្សត្រ។
គណបក្ស Move Forward គឺជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។ តែត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាល រួចក៏បានក្លាយជា បក្សប្រឆាំង។
ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការកាលពីខែមីនាកន្លងទៅ ឱ្យរំលាយបក្ស Move Forward ក្រោមហេតុផលថាគោលនយោបាយកំណែទម្រង់របស់គណបក្សនេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ និងបង្កប់នូវកិច្ចប្រឹងប្រែងដើម្បីប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters