ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នាថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង, លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តបាត់ដំបង។ 

ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក ប៉ូច សោភ័ណ សមាជិក អ.ដ.ក., លោក ឃ្លោក ដារ៉ា សមាជិក អ.ដ.ក., លោក យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង , លោក ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង, តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង, ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តបាត់ដំបង រួមមាន សមាជិកក្រុមប្រឹក្សា ខេត្ត ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក, អភិបាលក្រុង-ស្រុក, តំណាងស្នងការដ្ឋាននគរបាល ខេត្ត, ប្រធានមន្ទីរពាក់ព័ន្ធ, មេឃុំ ចៅសង្កាត់ ទូទាំងខេត្តបាត់ដំបង សរុបចំនួន ១៩០ រូប។

សិក្ខាសាលានេះ រៀបចំទ្បេីងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល និងជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា។ 

សិក្ខាសាលា ផ្សព្វផ្សាយ លេីកទី ១ របស់ អ.ដ.ក. ដែលធ្វេីនៅខេត្តបាត់ដំបង នេះ គឺជាចាប់ផ្តើមនៃការអនុវត្គគម្រោងមួយ របស់ អ.ដ.ក. ឈ្មោះថា “គម្រោងឆ្ពោះទៅមូលដ្ឋាន” ដែលផ្តោតលេីការងារ ចម្បងចំនួន ២ គឺទី១- ធ្វើការផ្សព្វផ្សាយនិងបញ្រ្ជាប់ការយល់ដឹងអំពី អ.ដ.ក. ដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គអនុវត្តផ្ទាល់ក្នុងការសម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋ និងទី២- ផ្តល់ការបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីធ្វើការពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីទទួលបន្ទុកការងារដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖