ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ “សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia” ។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីមួយរបស់ចក្រភពអង់គ្លេសមួយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាផងដែរ។
សូមជម្រាបជូនថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី (DMU) គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ល្បាញល្បីមួយរបស់ចក្រភាពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងបានធ្វើដំណើរលើវិថីអប់រំជាង១៥០ឆ្នាំមកហើយ។ សាកលវិទ្យាល័យនេះ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងតាមបណ្តាសាខានានានៅក្រៅប្រទេស។
សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត មានកម្រិតស្តង់ដារអន្តរជាតិ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា)។
ដឹ ម៉ុងហ្វត ជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង២០ របស់ចក្រភពអង់គ្លេស លើការជួយដល់និស្សិតឱ្យទទួលបានការងារធ្វើ។ ដឹ ម៉ុងហ្វត ជាសាកលវិទ្យាល័យតែមួយគត់នៅចក្រភពអង់គ្លេស ត្រូវបានអង្គការសហប្រជាជាតិ ផ្តល់ឋានៈជាមជ្ឈមណ្ឌលសាកលសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាមួយនឹងការចាប់ផ្តើមដំណើរការនៅកម្ពុជា សាកលវិទ្យាល័យមានកម្មវិធីឧត្តមសិក្សាមានថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម គណនេយ្យ និងហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មាន។ កម្មវិធីថ្នាក់បរិញ្ញាបត្រកម្រិតឧត្តមសិក្សាទាំងអស់ មានរយៈពេល៤ឆ្នាំ។
សាកលវិទ្យាល័យ ក៏គ្រោងបើកមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេសនៅដំណាច់ឆ្នាំ២០២៤នេះផងដែរ។ មជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស នឹងមានសិក្សាវគ្គត្រៀមភាសាអង់គ្លេស និងភាសាអង់គ្លេសសម្រាប់ពាណិជ្ជម្ម។
វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានបង្ហាញឱ្យឃើញពីការទុកចិត្តខ្ពស់របស់សាកលវិទ្យាល័យចំពោះឱកាសនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ខ្ពស់លើកកម្ពស់គុណភាពអប់រំ។
វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏ជាការរួមចំណែកមួយដ៏សំខាន់លើវិថីអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅមូលធនមនុស្សដ៏ពិតប្រាកដ។ វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានរួមចំណែកបន្ថែមជម្រើសមួយកាន់តែប្រសើរ និងមានភាពងាយស្រួល សម្រាប់អ្នកសិក្សានៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន បានបញ្ជូនកូនចៅរបស់ពួកគេចេញទៅសិក្សានៅតាមបណ្តាប្រទេសនានា រួមមាននៅចក្រភពអង់គ្លេសផងដែរ៕
ដោយ៖ តារា