ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះសង្រ្គោះត្រីជិត១០០គីឡូក្រាម ក្នុងប្រតិបត្តិការបំផ្លាញឧបករណ៍ចាប់ត្រីខុសច្បាប់

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយកម្លាំងបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ កម្លាំងសរុបប្រមាណ១៧នាក់ មធ្យោបាយដោយកាណូតចំនួន០៤គ្រឿង ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង និងសង្រ្គោះត្រីចំរុះល្អិតៗជិត១០០គីឡូក្រាមផងដែរ នេះបើតាមការបញ្ជាក់ពីលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។ 

 លោក ឲ្យដឹងបន្តទៀតថា ប្រតិបត្តិការខាងលើធ្វើឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ចំណុចប្រឡាយតាពេជ្រ ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។ ក្នុងប្រតិបត្តិការមន្ត្រីជំនាញពិនិត្យឃើញថា ស្ថានភាពកម្ពស់ទឹក នៅស្ថានីយ៍ជលសាស្រ្តបឹងទន្លេសាប(ឃុំកំពង់លួង)មាន៣.៨០ម៉ែត្រ ចំពោះហ្វូងត្រី ដូចជា កូនត្រីលិញ កូនត្រីរៀល កូនត្រីប្រា ត្រីពោ និងកូនត្រីក្បក បានធ្លាក់មកដល់បឹងទន្លេសាបហើយ ។ 

 លោក បញ្ជាក់បន្ថែមទៀតថា ចំណែកការបង្រ្កាបលទ្ធផល បាន៣ករណី គឺ របាំងស្បៃមុងចំនួន២៣ខ្សែ ស្មើនឹងប្រវែងចំនួន២.៥០០ម៉ែត្រ លូកងស្បៃមុងចំនួន៣៨មាត់ ។ របាំងសាច់អួនចំនួន៣ខ្សែ ស្មើនឹងប្រវែងចំនួន៩០០ម៉ែត្រ ក្បាល(បរ)ចំនួន១៥គ្រឿង បង្គោលចំនួន៩២០ដើម ។ លបប្រឹស១០០ ចំនួន១០ខ្សែ ក្នុងនោះចាក់លែងត្រីចម្រុះល្អិតៗចូលទឹកបឹងធមជាតិ(បឹងទន្លេសាប)វិញចំនួន៩១គីឡូក្រាម ។

 លោក នាយផ្នែកបញ្ជាក់ថែមទៀតថា បញ្ហាខាងលើ មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ សន្យាសហការចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាប ឲ្យដូចភ្លៀងរលឹម ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖