ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវរួមសហការជំរុញការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិចឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា គោរព និងការពារសិទ្ធិជនជាតិដើមភាគតិចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ ដោយបានធានាពីសិទ្ធិស្មើគ្នាទាំងអស់របស់ប្រជាជនកម្ពុជា ដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និងសាសនា។ 

នៅក្នុងសារលិខិតអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០និងលើកទី២០នៅកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ស្តីពី នីតិវិធីនៃ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច បានបញ្ជាក់យ៉ាងច្បាស់នូវគោលបំណង ការពារ និងអភិរក្ស វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាក៏ដូចជាការលើកស្ទួយដល់ ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។ លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចបានចំនួន ១៩៤ សហគមន៍ និងចូលរួមអនុម័តបទបញ្ជាផ្ទៃក្នុង ស្តីពីការប្រើប្រាស់ និងគ្រប់គ្រងដីជាសមូហភាពសហគមន៍ជនជាតិដើមភាគតិចបានចំនួន ១០១ សហគមន៍។

នៅក្នុងសារលិខិតដដែលនោះដែរ បានឱ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បងប្អូនជនជាតិដើមភាគតិច ក្នុងការការពារ អភិរក្ស និងថែរក្សាតម្លៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ និងរស់រវើក ជាពិសេសបានផ្ដល់ឱកាស និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ។ យើងកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចមានការរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ៕

ដោយ ៖ សិលា


ចែករំលែក៖