ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កាលពីយប់មិញនេះ បានចុះល្បាតតាមភូមិសាស្ត្រ ក៏ប្រទះឃើញក្មេងទំនើង ០១ក្រុមដែលជិះម៉ូតូយ៉ាងលឿន ដោយមានការសង្ស័យធ្វើការឃាត់ឆែកឆេររកឃើញមានកាំបិតផ្គាក់ជាប់ខ្លួន និងឃាត់ខ្លួនយុវជនទំនេីងម្នាក់ យកមកអនុវត្តតាមនីតិវិធីច្បាប់។
ក្នុងប្រតិបត្តិការនោះ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានចុះល្បាតតាមភូមិសាស្ត្រ រួចប្រទះឃើញក្មេងទំនើង ០១ក្រុមដែលជិះម៉ូតូលឿន និងមានកាំបិតផ្គាក់ជាប់ខ្លួន ទើបកម្លាំងសមត្ថកិច្ចជំនាញប្រដេញតាម លុះមកដល់ចំណុចមុខសាខាពន្ធដារខេត្ត ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងដូចខាងក្រោម ៖
ជនសង្ស័យដែលបានឃាត់ខ្លួន
១-ឈ្មោះ ផៃ ភ័ណ្ឌសុផានិត ហៅ ហេង ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
វត្ថុតាងដកហូតបានរួមមាន
១-កាំបិតផ្គាក់ចំនួន ០១ដើម
២-ទូរស័ព្ទម៉ាក iPhone ចំនួន ០១គ្រឿង
៣-ម៉ូតូចំនួន០១គ្រឿង ម៉ាក Honda Dream ពណ៍មាស សេរីឆ្នាំ ២០១៣ ឡើងតែម២០១៩ ស្លាកលេខៈពោធិ៍សាត់1D-7501។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃុំខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ តារា