ខេត្តកណ្ដាល៖ ជនសង្ស័យ០៣នាក់ ជាមុខសញ្ញាលួចចេកនិងត្រយ៉ូងចេក រួមទាំងរបស់របរផ្សេងទៀតរបស់ប្រជាពលរដ្ឋរាប់ដងរាប់មិនអស់ ឥឡូវនេះ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាក្របួចបាន នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ០១ និង ១០ នាទីយប់ ចំណុចភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ត្រី ឡុង ភ័ក្រ្តា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានឲ្យដឹងថា ជនរងគ្រោះ០២នាក់
១-ឈ្មោះ ជីញ ឈន ភេទប្រុស អាយុ៦៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិថ្កុល ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ២-ឈ្មោះ យី យ័ន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកជនសង្ស័យ០៣នាក់(ឃាត់ខ្លួន) ១.ឈ្មោះ ប៉េង ម៉េងហ៊ង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+) ,២.ឈ្មោះ វិន រដ្ឋា ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។.មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+) ,៣.ឈ្មោះ សាវឿន សុីធូ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។.គ្មានសារធាតុញៀនទឹកនោមអវិជ្ជមាន(-)។ វត្ថុតាងចាប់យកៈ ១.ផ្លែចេកចំនួន១៥ស្និត ,២.ត្រយ៉ូងចេក ០៥ ត្រយ៉ូង ។
លោកនាយប៉ុស្តិ៍បន្តថា កន្លងមកជនសង្ស័យទាំង០៣នាក់ តែងតែលួចផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិជាញឹកញាប់។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ាង ០១ និង ១០ នាទី យប់ជនសង្ស័យឈ្មោះ ប៉េង ម៉េងហ៊ង និងឈ្មោះ វិន រដ្ឋា បានធ្វើសកម្មភាពលួចកាប់ផ្លែចេក និង ត្រយ៉ូងចេករបស់ជនរងគ្រោះឈ្មោះ ជីញ ឈន និង ឈ្មោះ យី យ័ន ហេីយបានយកទៅលាក់ទុក។លុះដល់ វេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃ/ខែ ឆ្នាំដដែល ជនសង្ស័យឈ្មោះ វិន រដ្ឋា បានបបួល ឈ្មោះ សាវឿន ស៊ីធូ ទៅយកផ្លែចេក និង ត្រយ៉ូងចេក ដែលបានលួចហើយលាក់ទុកនៅទីនោះ ខណៈនោះ ជនរងគ្រោះឈ្មោះ ជីញ ឈន និង យី យ័ន បានឃាត់ខ្លួនជនសង្ស័យឈ្មោះ វិនរដ្ឋា និង ឈ្មោះ សាវឿន ស៊ីធូ រួមទាំងវត្ថុតាងរួចក៏បានតេទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រេីយស្លាឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ វិន រដ្ឋា សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកាប់ត្រយ៉ូងចេក និង ផ្លែចេករបស់ជនរងគ្រោះ ជាមួយឈ្មោះ ប៉េង ម៉េងហ៊ង ពិតប្រាកដមែន។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ វិន រដ្ឋាបានសារភាពថាខ្លួនធ្លាប់ធ្វើសកម្មភាពលួចកាប់ចេករបស់ប្រជាពលរដ្ឋនៅក្នុងភូមិបានចំនួនប្រហែល ៣០ ដងជាងមកហេីយរួចធ្លាប់ធ្វើសកម្មភាពលួចកាច់ត្រយ៉ូងចេករបស់ប្រជាពលរដ្ឋនៅក្នុងភូមិបានប្រហែលចំនួន ៣០ ដងជាងមកហើយនិងធ្លាប់ធ្វើសកម្មភាពលួចបេះផ្លែស្វាយរបស់ប្រជាពលរដ្ឋនៅក្នុងភូមិបានចំនួនប្រហែល ០៥ ដងជាងពេលលួចបានយកទៅលក់បានលុយយកមកទិញគ្រឿងញៀនប្រើប្រាស់(ជក់)។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ