ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សមាជិកក្រុមប្រឹក្សា រាជធានី ខណ្ឌ សង្កាត់ ត្រូវស្គាល់ពីតួនាទី និងភារៈកិច្ច របស់ខ្លួន មិនមានសិទ្ធ បញ្ជាទៅលើ កិច្ចការរដ្ឋបាលឡើយ ។
ឯកឧត្តម ម៉ប់ សារិន បានបញ្ជាក់បែបនេះខណៈ ឯកឧត្ដម ចូលរួមក្នុងប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញឆ្នាំទី១ អាណត្តិទី៤ ដោយមានការចូលរួមពីឯកឧត្តម កើត ឆែ អភិបាលរងរាជធានី តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាមសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវយល់អោយបានច្បាស់ពីតួនាទីនិងភារកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សារាជធានីភ្នំពេញនិងរដ្ឋបាលរាជធានីភ្នំពេញមានតួនាទីនិងភារកិច្ចរបស់ខ្លួនខុសគ្នាដាច់។
ឯកឧត្ដមបញ្ជាក់ថា ក្រុមប្រឹក្សារាជធានីភ្នំពេញ គ្មានការងារគ្រប់គ្រង សន្តិសុខ សណ្តាប់ធ្នាប់ឬបញ្ជាកងកម្លាំងអ្វីឡើយ។ក្រុមប្រឹក្សាមានសិទ្ធិអំណាចត្រឹមតែលើកឡើងជាសំណើរទៅរដ្ឋបាលរាជធានីភ្នំពេញពីចំណុចខ្វះខាត ដើម្បីឱ្យរដ្ឋបាលរាជធានីឬ រដ្ឋបាលខណ្ឌ កែលម្អរនិងអនុវត្តតាមតែប៉ុណ្ណោះ។ តែសម្រប់រដ្ឋបាលរាជធានីភ្នំពេញវិញ មានតួនាទី ភាកិច្ចច្រើន ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជា ពលរដ្ឋ អាចបញ្ជាកងកម្លាំងគ្រប់ប្រភេទបាន ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពនិងបំពេញការងាររដ្ឋបាលជាច្រើនទៀត។ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារយ៉ាងល្អក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ។សូមអោយបន្តការងារនេះអោយកាន់តែល្អ ពិសេសទប់ស្កាត់អោយបានចំពោះ ចលនា ពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋា ភិបាលស្របច្បាប់នាថ្ងៃទី១៨សីហាខាងមុខនេះ។ សមាជិកក្រុមប្រឹក្សារាជធានី ក៏បានស្នើអោយរដ្ឋបាលរាជធានី បង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យនិងគ្រោះធម្មជាតិផ្សេងៗ។
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ ចំពោះការងារទប់ស្កាត់បទល្មើសនានា ជាមួយការងារថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនាមគណៈបញ្ជាការឯកភាពរាជធានី យើងបានធ្វើឡើងជាប្រចាំនិងទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋ។ចំពោះ ក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ ខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនអោយកើតមានចលនាជ្រុលនិយមខាងលើនេះ កើតមានជាដាច់ ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ ធានាបាន១០០ភាគរយ។
ឯកឧត្ដម កើត ឆែ បានលើកឡើងថា៖ យើងនឹងបន្តបំរើប្រជាពលរដ្ឋអោយអស់លទ្ធភាព ក្នុងការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ដូចជាការបាក់ដើមឈើ រលំប៉ាណូនិងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀងជាដើម។
សូមបញ្ជាក់ថា៖ អង្គប្រជុំនេះបានពិនិត្យនិងអនុម័តលើរបៀបវារៈ ចំនួន៦ ក្នុងនោះរួមមាន៖១-ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ ឯកឧត្តម ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ចំនួនពីរលើកជាប់គ្នា។ ២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ ៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាប្រចាំ ឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ។ ៦-ពិនិត្យ និងឆ្លងលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ៕
ដោយ៖ សំរិត