ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសដែលប្រចណ្ឌប្រពន្ធហើយសម្រេចចិត្តលោតទឹកពីលើស្រឡាង កាលពី២ថ្ងៃមុន ពេលនេះត្រូវបានគេប្រទះឃើញអណ្ដែតតាមទឹកទន្លេសាប នៅក្បែរសណ្ឋាគារសុខា ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចច្រាំងទល់មុខសណ្ឋាគារ សុខា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា សពបុរសដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ហេតុ សម្បត្តិ អាយុ៤១ឆ្នាំ មានលំនៅ
ក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា ប្តីរបស់គាត់បានលោតទឹកសម្លាប់ខ្លួនពីលើស្រឡាងបន្ទាប់ពីមានទំនាស់គ្នាកាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៤។ នៅយប់នោះរូបគាត់និងប្ដីព្រមទាំងកូនតូចបានធ្វើដំណើរមកញ៉ាំអីនៅក្នុងសង្កាត់ជ្រោយចង្វា និងផឹកស្រវឹង គាត់ក៏បាននាំគ្នាជិះស្រឡាងត្រឡប់ទៅភ្នំពេញ នៅពេលធ្វើដំណើរជិតដល់ច្រាំង ស្រាប់តែប្ដីរបស់គាត់បានលោតទឹកសម្លាប់ខ្លួនលិចបាត់តែម្តង។
ប្រភពដដែលបន្តទៀតថា កន្លងមករូបគាត់ពីរនាក់ប្ដីប្រពន្ធតែងតែមានទំនាស់ជាមួយគ្នា ដោយសារតែប្ដីប្រចណ្ឌ មិននឹកស្មានថាប្តីគិតខ្លីលោតទឹកសម្លាប់ខ្លួនពីលើសាឡាងបែបនេះទេ។ ក្រោយពីលោតទឹកសម្លាប់ខ្លួនលិចបាត់មក ស្ត្រីជាប្រពន្ធក៏បានស្វែងរកសពប្ដីដែរតែរកពុំឃើញ។ លុះរំលងបាន២យប់ នៅវេលាព្រឹកថ្ងៃទី២១ខែសីហានេះ ក៏បានទទួលដំណឹងពីប្អូនថ្លៃថា សពប្តីរបស់ខ្លួនអណ្ដែតនៅជិតច្រាំងត្រើយម្ខាង ភ្លាមៗគាត់បានធ្វើដំណើរមកមើលសាកសពប្តីផងដែរ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលជំនាញចាត់ចែងស្រង់សាកសពដាក់លើច្រាំងដើម្បីត្រួតពិនិត្យ។
តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចនគរបាលធ្វើកោសល្យវិច័យបានសន្និដ្ឋានថា សពបានស្លាប់ដោយសារលង់ទឹក។ ក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់សពឱ្យទៅឱ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ