ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហើយបង្ហោះតាមបណ្ដាញសង្គម

ចែករំលែក៖

ភ្នំពេញ÷ បុរសម្នាក់ប្រើប្រាស់សារធាតុញៀនហើយបង្ហោះតាមបណ្តាញសង្គម ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបាន។

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤  វេលាម៉ោងប្រហែល១០និង៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវលេខ ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ អោ សុីនួន ហៅ នួន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៤០Z សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាលទ្ធផល វិជ្ជមានមានសារធាតុញៀនក្នុងទឹកមូត្រ។

វត្ថុតាងចាប់យកមាន៖ ទុយយោកែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២ដើម, ដបទឹកសុទ្ធម៉ាក Lyyon ចំនួន០១, កន្ត្រៃដែកចំនួន០១, ដែកកេះ ០៧ដើម, កន្សែងពោះគោចំនួន០១, ទូរស័ព្ទចំនួន០២គ្រឿង, ម៉ាកvivo ពណ៌ទឹកសមុទ្រ, ម៉ាក iphone11, ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AC-5785។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕ ដោយសុរិយា


ចែករំលែក៖