រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្ត្រី GMS កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ លោក ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា និងជាអ្នកសម្របសម្រួលជាតិកម្មវិធី GMS បានដឹកនាំក្រុមការងារលេខាធិការដ្ឋានជាតិចូលរួមកិច្ចប្រជុំខាងលើ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូល GMS លើកទី ៨ ដែលគ្រោងនឹងប្រារព្ធឡើងនៅទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។
ជាទិដ្ឋភាពរួម អង្គប្រជុំបានពិភាក្សាប្រកបដោយការយកចិត្តទុកដាក់ខ្ពស់លើកម្រងឯកសារសម្រាប់ត្រៀមគោរពជូនប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកធ្វើការអនុម័ត និងធ្វើកំណត់សម្គាល់។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិនិត្យតាមដានលើវឌ្ឍនភាពការងាររបស់ក្រុមការងារតាមវិស័យ ព្រមទាំងផ្តល់ធាតុចូលបន្ថែមសំដៅធានាបានថាកិច្ចការដែលបានដាក់ចេញឱ្យអនុវត្តដើរស្របទិសគ្នាជាមួយនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រ GMS ២០៣០។ ជាកិច្ចបញ្ចប់ អង្គប្រជុំបានវាយតម្លៃខ្ពស់ជូនចំពោះសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្នុងឆ្នាំនេះ និងបានមូលមតិក្នុងការលើកយកស្មារតីនៃកិច្ចប្រជុំដើម្បីគោរពរាយការណ៍ជូនកិច្ចប្រជុំឧត្តមមន្ត្រីដែលនឹងប្រារព្ធឡើងនាខែកញ្ញាខាងមុខ ៕
ដោយ ៖ សិលា