ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញ «អញ្ជើញទទួលវត្ថុបុរាណខ្មែរនៅវិមានសន្តិភាព» នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កិច្ចការពារអភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបានចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលដូចបានបញ្ជាក់ច្បាស់នៅក្នុងគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀតក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជាឱ្យកាន់តែលេចធ្លោ និងខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិតាមរយៈការដាក់បញ្ចូលសម្បត្តិវប្បធម៌កម្ពុជាមួយចំនួនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយ៉ូណេស្គូ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការការពារ ការទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់សម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និងការទាមទារមកវិញនូវមរតកវប្បធម៌ជាតិ បានស្តែងចេញតាមរយៈការអនុវត្តច្បាប់ទាំងច្បាប់ជាតិ ច្បាប់អន្តរជាតិ អនុសញ្ញាអង្គការយ៉ូណេស្គូ ដែលកម្ពុជាបានធ្វើសច្ចាប័ន និងកិច្ចព្រមព្រៀងទ្វេរភាគីជាមួយប្រទេសមួយចំនួន ក៏ដូចជាតាមរយៈកិច្ចសហការជាមួយប្រទេសនានា រួមទាំងអ្នកជំនាញជាតិ អន្តរជាតិជាច្រើនអ្នកទៀតដែលបានជួយជ្រោមជ្រែងលើការងារនេះ។
អរគុណសន្តិភាព ! ស្វាគមន៍ព្រលឹងដូនតាខ្មែរត្រឡប់មកវិញ! សុខសន្តិភាព បានធ្វើឲ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ លើសពីនោះសន្តិភាព អាចឲ្យយើងមានលទ្ធភាពជជែកចចារនាំយកនូវវត្ថុបុរាណដែលកម្ពុជាបានបាត់បង់ក្នុងពេលកន្លងទៅ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ វត្ថុបុរាណ ដែលជាព្រលឹងដូនតាខ្មែរចំនួន៧០រូប បានត្រឡប់មកដល់មាតុភូមិយើងវិញ។ ពិធីទទួលនៅព្រឹកនេះប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សិលា