យន្តហោះមួយគ្រឿងបានធ្លាក់ប្រហែល 10 នាទីបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយបានសម្លាប់មនុស្សទាំងអស់ 9 នាក់រួមទាំងអ្នកដំណើរនិងអាកាសយានិកផងដែរ។
យោងតាមសារព័ត៌មាន Bangkok Post បានឱ្យដឹងថា យន្តហោះ Cessna Caravan C208 ដំណើរការដោយក្រុមហ៊ុន Thai Flying Service បានហោះចេញពីអាកាសយានដ្ឋានសុវណ្ណភូមិនៅម៉ោង ២ និង ៤៦ នាទីរសៀល ថ្ងៃទី ២២ ខែសីហា ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Ko Mai Chee ក្នុងខេត្តត្រាត។
យន្តហោះបានបាត់ការទាក់ទងនៅម៉ោងប្រហែល 3:00 រសៀល ហើយបានកំណត់ថានឹងមានបញ្ហានៅម៉ោង 3:18 រសៀល។ មានមនុស្ស៩នាក់នៅលើយន្តហោះ ក្នុងនោះមានជនជាតិចិន៥នាក់ អ្នកដំណើរថៃ២នាក់ និងអ្នកបើកបរជនជាតិថៃ២នាក់។
យោងតាមសារព័ត៌មានថៃ បានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានរកឃើញថា គ្មានអ្នកនៅរស់ទេនៅកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុនេះ នៅក្នុងវាលភក់ ព្រៃកោងកាង ក្នុងខេត្ត Chachoengsao ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន។
អ្នកនាំពាក្យរដ្ឋាភិបាលខេត្តបាននិយាយថា បន្ទាប់ពីការស្រាវជ្រាវប្រហែលមួយម៉ោង ក្រុមជួយសង្គ្រោះបានរកឃើញបំណែកសាកសពនៅក្នុងតំបន់ព្រៃកោងកាងក្បែរប្រាសាទ Wat Khao Din ។
យន្តហោះធ្លាក់ក្បាលចូលដីមុនគេកប់ជម្រៅជាង១០ម៉ែត្រទៅក្នុងដីភក់។ អាជ្ញាធរបានចល័តគ្រឿងចក្រដើម្បីស្វែងរកនិងជួយសង្គ្រោះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការស្វែងរកត្រូវបានធ្វើឱ្យលំបាកដោយទឹកបានជន់លិចចូលទៅក្នុងព្រៃកោងកាង ខណៈដែលជំនោរកើនឡើងនៅជិតមាត់ទន្លេ Bang Pakong ក្បែរនោះ៕
ដោយ៖ ធីរីណា(រូបថត៖ xinhua)