ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនអ្នកសារព័ត៌មានអនឡាញចំនួន ៨៧រូប ភ្លេចកាតនៅខេត្តកណ្តាល អាចអញ្ជើញទៅយកវិញបាននៅស្នងការដ្ឋាននគរបាលខេត្ត

ចែករំលែក៖

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ក៏មានកាតអ្នកសារព័ត៌មានតាមអនឡាញ ចំនួន ៨៧កាត បានភ្លេចនៅទឹកដីភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចនគរបាលរក្សាទុកឱ្យ ដូច្នេះអាចអញ្ជើញទៅយកវិញបាននៅស្នងការដ្ឋាននគរបាលខេត្ត រៀងរាល់ម៉ោង គឺសមត្ថកិច្ចនគរបាលខេត្តបម្រើសេវាជូន ២៤ម៉ោងលើ២៤ម៉ោង ។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការលោកថា ៖ សូមជូនដំណឹង !!! 

បងប្អូនអ្នកសារព័ត៌មានអនឡាញមួយចំនួនតូចដែលតែងតែចុះផ្សាយពីកន្លែងលួចលេងបើកល្បែងស៊ីសងខុសច្បាប់ផ្ញើមកឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងរូបខ្ញុំបាទផ្ទាល់ ឃើញថា បងប្អូនបានជ្រុះកាត ផ្ញើកាតរបស់ខ្លួននៅទីតាំងដែលបងប្អូនធ្លាប់ចុះទៅបំពេញការងារ សូមអញ្ជើញមកទទួលយកកាតវិញបានគ្រប់ពេល នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

#សូមអញ្ជើញទំនាក់ទំនងជាមួយអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧ.ត្រី ឡាក់ ម៉េងធី 077449990 , 0975555371 ២៤/២៤ម៉។

ដូច្នេះបងប្អូនអ្នកសារព័ត៌មានតាមអនឡាញ ដែលបានបាត់ ឬភ្លេចកាត បើឃើញរូបរបស់ខ្លួនអញ្ជើញទៅយកផង ដើម្បីបន្តដំណើរបេសកកម្មការងាររបស់ខ្លួនបន្តទៀត ៕ 

ដោយ ៖ សិលា


ចែករំលែក៖