ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តគោលការណ៍លើកទឹកចិត្តផ្នែកពន្ធដាររហូតដល់ដំណាច់ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចក្នុងស្រុក រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះវិស័យសេដ្ឋកិច្ចក្នុងស្រុកតាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារ និងវិធានការលើកទឹកចិត្តផ្នែកធនាគារនិងហិរញ្ញវត្ថុជាច្រើនក្នុងរយៈពេល១២ខែកន្លងមកនេះ។

បើតាមសម្ដេចធិបតី វិធានការលើកទឹកចិត្តផ្នែកពន្ធដារ រួមមានដូចជា៖

១-ភាស៊ី (រាជរដ្ឋាភិបាលអណត្តិថ្មីបានបន្តអនុវត្តការលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀតរបស់ប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានាទូទាំងប្រទេស)

២-ការអនុញ្ញតការបង់ពន្ធជាកញ្ចប់តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់

៣-ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី ឬមានតម្លៃក្រោមឬស្មើ ៧ម៉ឺនដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍លើកទឹកចិត្តនេះនឹងត្រូវផុតកំណត់នៅដំណាច់ឆ្នាំ២០២៤ ប៉ុន្តែតាមរយៈការពិគ្រោះយោបល់ជាមួយវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តគោលការណ៍លើកទឹកចិត្តនេះរហូតដល់ដំណាច់ឆ្នាំ២០២៥។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានណែនាំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យលើគោលការណ៍លើកទឹកចិត្តផ្សេងទៀតសម្រាប់វិស័យអចលនទ្រព្យដែលនឹងត្រូវផុតកំណត់ដើម្បីពិនិត្យលទ្ធភាពបន្តការអនុគ្រោះក្នុងករណីចាំបាច់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចថ្លែងការណ៍ពិសេសក្នុងឱកាសខួប ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (២២ សីហា ២០២៣-២២ សីហា ២០២៤) នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ៖ ចំពោះវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបកន្លងមក សម្តេចបានសម្រេចឱ្យមានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ លើកលែងពន្ធលើប្រាក់ចំនូលសម្រាប់ឆ្នាំ២០២៣ មិនចុះធ្វើសាវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២៤។

ដើម្បីជួយសម្រួលដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះទៀតថា  «ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ ថ្ងៃនេះខ្ញុំបានសម្រេចបន្តសុពលភាពនៃការលើកលែងដដែលនេះមួយឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ បន្ថែមលើការងារ ការលើកលែងពន្ធនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូន ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប»៕

ដោយ ៖ សិលា


ចែករំលែក៖