ព័ត៌មានទាន់ហេតុការណ៍៖

ពិធីអបអរសាទរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ និងជូនដំណើរនិស្សិតអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានចូលរួមក្នុងពិធីអបអរសាទរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ និងជូនដំណើរនិស្សិតអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក  វ៉ាង វិនពិន  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋចិន  លោក លោកស្រី ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងនិស្សិតសរុបប្រមាណ ២៥០ នាក់។ 

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងប្រសាសន៍ របស់លោក ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជារួចមក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះភាគីចិនដែលតែងផ្តល់ការ គាំទ្រលើគ្រប់វិស័យជាពិសេស ការអភិវឌ្ឍន៍វិស័យអប់រំក្នុងប្រទេសកម្ពុជា សមិទ្ធផលនានាជាច្រើន សាលារៀន បច្ចេទេស បច្ចេកវិទ្យា សមិទ្ធផលក្នុងវិស័យអប់រំ  សុខាភិបាលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានជាច្រើនផ្សេងទៀត និងសង្ឃឹមថាមិត្តភាពរវាងកម្ពុជា និងចិន នៅតែបន្ដចំណងមិត្តភាព ដ៏យូរអង្វែងនេះជារៀងដរាបទៅ ការចែករំលែកពង្រីកបទពិសោធន៍បើកចំហរក្នុងការសម្រេចបាននូវសមិទ្ធផលកំណែទម្រង់អភិវឌ្ឍកាន់តែច្រើន សម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង២០៥០ ហើយយុវជន គឺជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសកម្ពុជា ព្រោះយុវជនគឺតំណាងអនាគតរបស់ប្រទេសជាតិ យុវជនក៏តំណាងអនាគតនៃចំណងមិត្តភាពរវាងកម្ពុជា និងចិនផងដែរ។

ការសិក្សានៅប្រទេសចិន និស្សិតនឹងអាចស្វែងយល់បានស៊ីជម្រៅអំពីវប្បធម៌ប្រពៃណីការរស់នៅរបស់ប្រជាជនចិនក្នុងយុគសម័យថ្មី ដែលលេចចេញពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ច ។ 

សាជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា សូមផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យប្រកាន់ភ្ជាប់ការគោរពច្បាប់ និងវិន័យសាលាឱ្យបានខ្ជាប់ខ្ជួន ត្រូវចេះសាមគ្គីគ្នា បង្កើតមិត្តភាពជាមួយនិស្សិតដែលមកពីបណ្តាប្រទេសដទៃទៀត ជាពិសេស ត្រូវខិតខំរៀនសូត្រឱ្យទទួលបានលទ្ធផលល្អ ដើម្បីលើកស្ទួយកិត្តិយសនិស្សិតកម្ពុជា ព្រមទាំងពាំនាំមោទនភាពជូនគ្រួសារ និងប្រទេសជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖