ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីចរាចរណ៍ផ្លូវគោកម្នាក់ នៅគោលដៅស្តុបបុរីអង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា:អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ  គឺនៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក០១នាក់ នៅគោលដៅស្តុបបុរីអង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ ដើម្បីរងចាំការស្រាវជ្រាវបន្ថែមទៀត និងសូមឲ្យអ្នកបើកបរម៉ូតូកង់បី(ផាស់អាប់)ចូលមកសហការបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ក្រោយពីមានការផ្សព្វផ្សាយឃ្លីបវីដេអូតាមបណ្តាញសង្គមពីការចោទប្រកាន់របស់បុរស០១នាក់ជាអ្នកបើកបរម៉ូតូកង់បី(ផាស់អាប់)ចំពោះមន្រ្តីនគរបាលចរាចរណ៍នៅគោលដៅស្តុបបុរីអង្គរ កាលពីថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៤ ថាបានចាប់ឃាត់ម៉ូតូកង់បីគាត់បម្រុងផាកពិន័យដោយមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះគាត់បានតវ៉ាបង្ហាញកាមេរ៉ាទើបមន្រ្តីនគរបាលចរាចរណ៍មិនផាកពិន័យនិងបានអនុញ្ញាតឲ្យគាត់បន្តដំណើរ។ក្រុមការងារព័ត៌មានប្រតិកម្មរហ័សសូមណែនាំដល់ប្រជាពលរដ្ឋធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមុននឹងផុសព័ត៌មានតាមបណ្តាញសង្គម ក្នុងករណីមន្រ្តីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅណាមួយដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមានកំហុសឆ្គងចំពោះប្រជាពលរដ្ឋដោយប្រការណាមួយ  ហើយប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត សូមមកដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដោះស្រាយជូនប្រជាពលរដ្ឋ៕

ដោយ ៖ សិលា


ចែករំលែក៖